ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បដិសេធពីការជួបពិភាក្សាដោយផ្ទាល់ជាមួយភាគីអាមេរិក នៅក្នុងកិច្ចចរចាទីក្រុងវីយែន

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ក្រសួងការបរទេសអ៊ីរ៉ង់ បានបដិសេធ ចំពោះការអះអាងរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ថាមានការពិភាក្សាដោយផ្ទាល់រវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។លោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងបានឲ្យដឹងនៅក្នុងសុន្ទរកថាទៅកាន់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា “ចាប់តាំងពីការចាប់ផ្តើមការចរចា ស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នៅទីក្រុងវីយែន ប្រទេសអ៊ីរ៉ង់ មិនបានធ្វើការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកនោះទេ” ។

កាលពីថ្ងៃសុក្រ លោក Sullivan បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា សហរដ្ឋអាមេរិកបាន “ទំនាក់ទំនងទាំងតាមរយៈអឺរ៉ុប និងដោយផ្ទាល់ទៅកាន់ប្រទេសអ៊ីរ៉ង់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Khatibzadeh បានកត់សម្គាល់ថា “អ៊ីរ៉ង់បានទទួលសារមួយចំនួនអំពីបញ្ហានៃការចរចាជាទម្រង់ជាលាយលក្ខណ៍អក្សរ និងមិនត្រូវបានសរសេរតាមរយៈអ្នកសម្រុះ សម្រួលសហភាពអឺរ៉ុបចាប់តាំងពីការចាប់ផ្តើមកិច្ចចរចានៅទីក្រុងវីយែន ដែលចម្លើយត្រូវបានផ្តល់ឱ្យនៅនឹងកន្លែង”។

កាលពីខែឧសភា ឆ្នាំ២០១៨ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម ហើយបានដាក់ទណ្ឌកម្មជាឯកតោភាគីឡើងវិញប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ក្នុងគោលបំណងលុបបំបាត់កិច្ចព្រមព្រៀងថ្មីមួយ។

ចាប់តាំងពីដើមខែមេសាឆ្នាំនេះ តំណាងមកពីប្រទេសចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស និងអ៊ីរ៉ង់ បានធ្វើការចរចាចំនួន៧ នៅក្នុងរដ្ឋធានីអូទ្រីស ដោយមានសហរដ្ឋអាមេរិកពាក់ព័ន្ធដោយប្រយោល ក្នុងគោលបំណងនាំសហរដ្ឋអាមេរិកត្រលប់ទៅក្នុង JCPOA វិញ និងរៀបចំមូលដ្ឋាន សម្រាប់ការអនុវត្តពេញលេញរបស់វា៕

ដោយ ឈូក បូរ៉ា

To Top