ព័ត៌មានអន្តរជាតិ

វិភាគ: អ៊ីរ៉ង់ មិនមែនអ៊ីរ៉ាក់ ដែលអាមេរិកធ្វើបាប កាលពី២០ឆ្នាំមុននោះទេ

បច្ចុប្បន្នភាព

ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានផ្សព្វផ្សាយបែបចំអក អោយសហរដ្ឋអាមេរិក ថា ប្រទេសអ៊ីរ៉ង់ នៅពេលបច្ចុប្បន្ននេះ មិនមែនជាប្រទេសអ៊ីរ៉ាក់ ដែលបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ពីការវាយធ្វើបាប ពីសហរដ្ឋអាមេរិក កាលពីជាង២០ឆ្នាំមុននោះទេ ។

IRNA បានបន្តថា កាលពីជាង២០ឆ្នាំមុន សហរដ្ឋអាមេរិក បានចូលឈ្លានពានប្រទេសអ៊ីរ៉ាក់ និងបានផ្តួលរំលំរបបដឹកនាំ របស់អតីតីប្រធានាធិបតីអ៊ីរ៉ាក់ លោក សាដាម ហ៊ូសេន (Saddam Hussein) ដោយបានរុញប្រទេសនេះ ទម្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម ។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានរួមដៃគ្នាឈ្លានពានចូល ក្នុងប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣កន្លងទៅ ហើយសង្គ្រាម រួមទាំងការវាយប្រហារភេរវកម្ម នៅក្នុងប្រទេសនេះ បានឆាបឆេះរហូតដល់ពេលបច្ចុប្បន្ននេះ នៅមិនទាន់ផុតរលត់នោះទេ ។

IRNA បានបញ្ជាក់ថា អ៊ីរ៉ង់បច្ចុប្បន្ននេះ មិនមែនអ៊ីរ៉ាក់ កាលពីជាង២០ឆ្នាំមុនទេ ហើយប្រសិនបើសហរដ្ឋអាមេរិក ហ៊ានប៉ះពាល់ផលប្រយោជន៍អ៊ីរ៉ង់ ឬហ៊ានប្រើកម្លាំងបាយមកលើអ៊ីរ៉ង់ អ៊ីរ៉ង់នឹងមិនអោយអាមេរិក ចាកចេញពីអ៊ីរ៉ង់បានជាដាច់ខាត ។

អ៊ីរ៉ង់មានគ្រឿងសព្វាវុធទំនើបគ្រប់គ្រាន់ មានយុទ្ធសាស្ត្រសង្គ្រាមគ្រប់គ្រាន់ និងមានបទពិសោធន៍ គ្រប់គ្រាន់ក្នុងការវាយបក លើសហរដ្ឋអាមេរិកវិញ ប្រសិនបើអាមេរិកហ៊ានវាយប្រហារលើអ៊ីរ៉ង់ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ។

ការផ្សព្វផ្សាយរបស់ IRNA បែបនេះ ត្រូវបានធ្វើឡើងក្រោយពីកិច្ចចរចា លើកទី៧ស្តីពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ បានទទួលបរាជ័យ ទាំងស្រុង ដោយភាគីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មិនអាចស្វែងរកចំណុចរួមបាន ខណៈដែលកិច្ចចរចានោះ ត្រូវបានធ្វើឡើង ដោយប្រយោល ក្រោមការ សម្របសម្រួល ពីប្រទេសហត្ថលេខី៣ប្រទេសក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ មានប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ។

ស្របពេលជាមួយគ្នានោះដែរ កាលពីថ្ងៃចន្ទ ទី២០ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានប្រកាសច្រានចោលនូវសេចក្តីប្រកាសរបស់ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក Jake Sullivan ពាក់ព័ន្ធនឹងកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ ។
សូមរំលឹកជូនថា កាលពីថ្ងៃសុក្រ ទី១៧ ខែធ្នូនេះ លោក Jake Sullivan បានប្រកាសថា សហរដ្ឋអាមេរិក និង ប្រទេសអ៊ីរ៉ង់ បានជួបចរចាគ្នាដោយផ្ទាល់ ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ កាលពីរយៈពេលប៉ុន្មានខែកន្លងមកនេះ ។

ចំណែកលោក Saeed Khatibzadeh បានប្រកាសថា អ៊ីរ៉ង់មិនបានជួបចរចា ដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ដូចការលើកឡើង របស់ទីប្រឹក្សាសន្តិសុខជាតិ អាមេរិកនោះទេ ដោយកិច្ចចរចានានា ទាំងរយៈពេលកន្លងមក និង ពេលខាងមុខ នឹងត្រូវធ្វើឡើងដោយប្រយោល ក្រោមការសម្របសម្រួលពីអន្តរការី ។

ភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានកើនឡើងចាប់តាំងពីឆ្នាំ២០១៨កន្លងមក ក្រោយពីអតីតប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដកអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ។

លោក ត្រាំ មិនត្រឹមតែដកអាមេរិកចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់នោះទេ អតីតប្រធានាធិបតីរូបនោះ ថែមទាំងសម្រេចដាក់ទណ្ឌកម្ម គ្រប់យ៉ាងលើប្រទេសអ៊ីរ៉ង់ សាជាថ្មី ដែលនាំអោយមានភាពតានតឹងកើតឡើងរវាងអាមេរិក និងអ៊ីរ៉ង់ ។

សូមបញ្ជាក់ជូនថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខា ដោយប្រទេសមហាអំណាច ៥+១ នៅលើពិភពលោក មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី បារាំង អង់គ្លេស ចិន និងប្រទេសអាល្លឺម៉ង់ ប៉ុន្តែកាលពីឆ្នាំ២០១៨កន្លងទៅ អតីតប្រធានាធិបតីអាមេរិ ក លោក ដូណាល់ ត្រាំ បានដកអាមេរិក ចេញពីកិច្ចព្រមព្រៀងនេះតែម្នាក់ឯង ដោយប្រទេសហត្ថលេខី ៥ផ្សេងទៀត មានរុស្ស៊ី បារាំង អង់គ្លេស ចិន និងប្រទេសអាល្លឺម៉ង់ នៅតែបន្តគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដដែលរហូតដល់ពេលបច្ចុប្បន្ននេះ ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយប្រទេសអ៊ីរ៉ង់ ប្រៀបធៀបខ្លួនឯងទៅនឹងប្រទេសអ៊ីរ៉ាក់ កាលពីជាង២០ឆ្នាំមុន គឺដោយសារប្រទេសអ៊ីរ៉ង់នៅពេលបច្ចុប្បន្ននេះ មានទំនើបកម្មផ្នែកសព្វាវុធខ្លាំង ជាងប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣ រាប់សិបដង ។

អ្នកជំនាញផ្នែកកិច្ចការ អន្តរជាតិ បានលើកឡើងថា ប្រទេសអ៊ីរ៉ង់ មិនត្រឹមតែមានគ្រឿង សព្វាវុធទំនើប មានយុទ្ធសាស្ត្រសង្គ្រាម និងមានបទពិសោធន៍ គ្រប់គ្រាន់នោះទេ អ៊ីរ៉ង់ ក៏បានពង្រីកឥទ្ធិពលយោធារបស់ខ្លួនយ៉ាងខ្លាំង នៅក្នុងតំបន់ផងដែរ ។

អ៊ីរ៉ង់ បានគាំទ្រក្រុមសកម្ម ប្រយុទ្ធជាច្រើនក្រុម និងនៅក្នុងប្រទេសជាច្រើននៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលជាតំបន់ជិតខាងជាមួយខ្លួន មាននៅក្នុងប្រទេសលីបង់ ប៉ាឡេស្ទីន ស៊ីរី លីប៊ី អ៊ីរ៉ាក់ និង ប្រទេសយ៉េមែន ដែលកំពុងមានសង្គ្រាម ។

ប្រសិនបើសហរដ្ឋអាមេរិក វាយប្រហារ លើប្រទេសអ៊ីរ៉ង់ ទៅតាមអ្វីដែលអាមេរិក បានធ្វើនៅប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣ គឺសង្គ្រាមនឹងឆាបឆេះ នៅទូទាំងតំបន់មជ្ឈិមបូព៌ា មិនមែនឆាបឆេះ នៅតែក្នុងប្រទេសអ៊ីរ៉ង់ នោះទេ ។

ពេលនោះ សហរដ្ឋអាមេរិក នឹងខាតបង់ធំធេង ហើយអាចនឹងទទួលរងការវាយប្រហារពីសត្រូវជាញឹកញាប់ ដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ រួមទាំងការវាយប្រហារភេរវកម្មទ្រង់ទ្រាយធំថែមទៀត ដោយមិនអាចទប់ស្កាត់បាន ។

សហរដ្ឋអាមេរិក នឹងផុងខ្លួនក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាប់សិបទសវត្សរ៍ និងមិនអាចស្តារឡើងវិញបាន ដែលសូម្បីតែប្រទេសអ៊ីរ៉ាក់ កាលពីជាង២០ឆ្នាំមុន ក៏សហរដ្ឋអាមេរិកមិនទាន់ដកខ្លួនចេញពីអ៊ីរ៉ាក់រួចផង ៕

ដោយ ៖ អ៊ី ជិន

To Top