បរទេស៖ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះបាននិយាយថា ការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះការទាមទារសន្តិសុខដែលខ្លួនបានដាក់ចេញកាលពីសប្ដាហ៍មុន ចាំបាច់ត្រូវតែធ្វើបន្ទាន់ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានមានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោន នៅមិនទាន់ធ្វើការឆ្លើយតបចំពោះការទាមទាររបស់ខ្លួននៅឡើយនោះទេ។
យោងតាមកាសែតរ៉យទ័រ លោក Sergei Ryabkov បានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំគិតថា ពួកគេនឹងព្យាយាមប្រែរឿងនេះ ឲ្យទៅជាដំណើរការមានភាពយឺតយ៉ាវ ប៉ុន្តែយើងត្រូវការឲ្យវាធ្វើបន្ទាន់ ព្រោះតែស្ថានភាពគឺលំបាកខ្លាំងណាស់ វាមានភាពស្រួចស្រាវ ហើយវាមានទំនោរកាន់តែស្មុគស្មាញឡើង”។
គួរបញ្ជាក់ថា នៅក្នុងការទាមទារទាំងនោះ រុស្ស៊ីកំពុងតែទាមទារថា សហរដ្ឋអាមេរិកនិងណាតូ ត្រូវតែបដិសេធមិនឲ្យអ៊ុយក្រែនចូលរួមជាសមាជិកសម្ពន្ធមិត្ត និងថា អង្គការសម្ពន្ធមិត្តយោធាណាតូនិងប្រទេសអ៊ុយក្រែន ត្រូវតែដកការដាក់ពង្រាងកងទ័ពរបស់ខ្លួនវិញ៕
ប្រែសម្រួល៖ប៉ាង កុង