ព័ត៌មានអន្តរជាតិ

កងកម្លាំង ការពារបដិវត្តន៍ អ៊ីរ៉ង់ បាញ់មីស៊ីល ក្នុងសមយុទ្ធយោធា

បរទេស ៖ កងកម្លាំងការពារ បដិវត្តន៍អ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ បានធ្វើការបាញ់មីស៊ីល នៅក្នុងអំឡុងធ្វើសមយុទ្ធយោធា ដ៏ធំមួយ នៅទូទាំងភាគខាងត្បូង របស់ប្រទេស នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ។

ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្ដាលផ្លូវការអ៊ីរ៉ង់ Tasnim ដែលគេជឿងថា មានភាពជិតស្និទ្ធនឹងកងកម្លាំងការពារបដិវត្តន៍ ឥស្លាម មិនបានបញ្ជាក់ពីប្រភេទ និងរយៈចម្ងាយវាយប្រហាររបស់ មីស៊ីលនោះទេ ប៉ុន្តែបាននិយាយថា មីស៊ីលចំនួន៥គ្រាប់ និងកូនដ្រូនវាយប្រហារ ជាច្រើនគ្រឿង បានវាយប្រហារ គោលដៅចំបាន យ៉ាងជោគជ័យ ។

មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ បាននិយាយប្រាប់ដល់ទូរទស្សន៍ រដ្ឋអ៊ីរ៉ង់ថា កងកម្លាំងរបស់លោក បានធ្វើការគ្រប់គ្រង លើល្បែងសង្គ្រាម ដែលមានការសម្របសម្រួលមួយ នៅទូទាំងតំបន់ ឆ្នេរអ៊ីរ៉ង់ គឺពីតំបន់ជិតព្រំដែន អ៊ីរ៉ាក់ ទៅដល់ច្រកសមុទ្រ Hormuz ជាផ្លូវទឹកដ៏តូចចង្អៀត ដែលប្រេង២០ភាគរយ លើពិភពលោកឆ្លងកាត់ ។

គួរបញ្ជាក់ថា កាលពីមុន កងកម្លាំងការពារបដិវត្តន៍ អ៊ីរ៉ង់ធ្លាប់បាននិយាយថា ខ្លួនមានមីស៊ីល ដែលមានចម្ងាយវាយ ប្រហារ១.០០០គីឡូម៉ែត្រ ហើយខ្លួនក៏មានមីស៊ីល ដែលមានរយៈចម្ងាយ វាយប្រហារដល់ទៅ២.០០០គីឡូម៉ែត្រផងដែរ ដែលលើសពីគ្រប់គ្រាន់ ដើម្បីវាយប្រហារ ឲ្យដល់ប្រទេសអ៊ីស្រាអែល និងមូលដ្ឋានយោធាអាមេរិក នានានៅក្នុងតំបន់ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top