ព័ត៌មានអន្តរជាតិ

មីយ៉ានម៉ា ស្វះស្វែងរកចំណងមិត្តភាព កាន់តែជិតស្និទ្ធ ជាមួយទីក្រុងប៉េកាំង ដោយទទួលយក រូបិយប័ណ្ណចិន

បរទេស ៖ ប្រទេសមីយ៉ានម៉ា បាននិយាយនៅថ្ងៃពុធនេះថា ខ្លួននឹងចាប់ផ្តើមទទួលយកប្រាក់ចិន ជារូបិយប័ណ្ណទូទាត់ផ្លូវការ នៅក្នុងឆ្នាំក្រោយ សម្រាប់ពាណិជ្ជកម្ម ជាមួយប្រទេសចិន ស្របពេល ដែលប្រទេសនេះ សម្លឹងចាប់ផ្តើមជាថ្មី នូវគម្រោងរួមមួយចំនួន និងជំរុញឲ្យមានចំណងមិត្តភាព សេដ្ឋកិច្ច កាន់តែជិតស្និទ្ធឡើង ជាមួយទីក្រុងប៉េកាំង ។

រដ្ឋាភិបាលយោធា របស់ប្រទេសមីយ៉ានម៉ា ដែលបានដណ្ដើមអំណាច ក្នុងរដ្ឋប្រហារនៅថ្ងៃទី០១ ខែកុម្ភៈ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមានភាពរីករាយ ចំពោះភាពជាសាច់ញាតិពិសេសជាមួយប្រទេសចិន ដែលបានគាំទ្រខ្លួនតាមរយៈហិរញ្ញវត្ថុ និងតាមរយៈថ្នាំវ៉ាក់សាំងកូវីដ១៩។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍ ដែលចេញដោយក្រសួងព័ត៌មាននិងក្រសួងវិនិយោគនេះ ក៏បានបង្ហាញពីគម្រោង ហេដ្ឋារចនាសម្ព័ន្ធ ជាមួយប្រទេសចិន ដែលខ្លួនបាននិយាយថា គឺជាអាទិភាពដ៏ធំមួយ សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយចិន Global Times កាលពីមុន បានរាយការណ៍ពីគម្រោងទទួលយករូបិយប័ណ្ណចិន របស់មីយ៉ានម៉ា ដោយនិយាយថា ការទទួលយកនេះ គឺមានគោលដៅដោះស្រាយ ភាពខ្វះខាតប្រាក់ដុល្លារអាមេរិក និងរូបិយប័ណ្ណបរទេសដទៃទៀត របស់ប្រទេសនេះ នៅក្នុងអំឡុងពេលមាន ភាពចលាចលសេដ្ឋកិច្ច ៕ ប្រែសម្រួល៖ប៉ាង កុង

To Top