ឆ្នាំ២០២១ ជិតផុតទៅហើយ ប៉ុន្តែវីរុសកូវីដ១៩ នៅតែបន្តរីករាលដាលដដែល ។ បើរំលឹកឡើងវិញពីរយៈពេល ពីរឆ្នាំកន្លងទៅនេះអាចឃើញថា ជំងឺកូវីដ១៩ ជាសកលបានធ្លាក់ក្នុងវដ្តដ៏អាក្រក់ “អាប់អួរ-បន្ធូរបន្ថយ-រីករាលដាលយ៉ាងខ្លាំងឡើងវិញ” ជាប់រហូតមក ហើយប្រទេសនិងតំបន់ខុសៗគ្នា បានក្លាយជាកន្លែងរីករាលដាលខ្លាំងបំផុតជាបន្តបន្ទាប់ ។ ការរីករាលដាលនៃជំងឺកូវីដ១៩ មានភាពធ្ងន់ធ្ងរឡើងវិញឥតឈប់ឈរ មិនត្រឹមតែបានពន្លឿន ការប្រែប្រួលនៃស្ថានការណ៍ អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវផលប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ចសកលផងដែរ ។
ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ បទពិសោធន៍ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាសកលបានបង្ហាញម្តងហើយម្តងទៀតថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនត្រូវធ្វើតែម្នាក់ឯងនោះទេ មានតែធ្វើកិច្ចសហប្រតិបត្តិការ ដោយសាមគ្គីភាពទើបអាចមានកម្លាំងដ៏ខ្លាំងក្លា ។
បើចង់ធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយសាមគ្គីភាព ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នោះ ក៏ចាំបាច់ត្រូវបញ្ឈប់ការលេង កលល្បិចខាងនយោបាយ ។ ប៉ុន្តែ ប្រទេសមួយចំនួនបានលេងកលល្បិច ខាងនយោបាយយ៉ាងគឃ្លើន ដូចជាយកវីរុសធ្វើជាលេសដើម្បីដាក់ បន្តុះបង្ខូចកិត្តិយសគ្នា និងធ្វើឱ្យបញ្ហាតាមដាន រកប្រភពដើមនៃវីរុសទៅជាកិច្ចការនយោបាយជាដើម ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ។
ទង្វើទាំងនេះមិនត្រឹមតែបានបំផ្លាញ យ៉ាងធ្ងន់ធ្ងរដល់ស្ថានភាពទូទៅ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩សកលប៉ុណ្ណោះទេ ថែមទាំងក៏បានបាត់បង់អាយុជីវិត ដ៏ច្រើនរាប់មិនអស់ផងដែរ ។ នៅចំពោះមុខស្ថានការណ៍បង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ ដ៏តឹងរ៉ឹងនាពេលបច្ចុប្បន្ន សហគមន៍អន្តរជាតិ ចាំបាច់ត្រូវរួមគ្នាខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំង និងយកឈ្នះលើជំងឺកូវីដ១៩ ដោយអាកប្បកិរិយាយ៉ាងហ្មត់ចត់ បែបវិទ្យាសាស្ត្រ ក៏ដូចជាទប់ទល់នឹងរាល់ទង្វើទាំងអស់ ដែលផ្ទុយនឹងស្មារតីប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ដោយសាមគ្គីគ្នាផងដែរ ។
បើចង់ធ្វើកិច្ចសហប្រតិបត្តិការ ដោយសាមគ្គីគ្នា ក៏ចាំបាច់ត្រូវប្រកាន់ខ្ជាប់ការអភិវឌ្ឍរួម ។ ប្រឈមមុខនឹងផលប៉ះពាល់ ដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺកូវីដ១៩ ប្រទេសនានាលើពិភពលោកចាំបាច់ត្រូវ ខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ ជំរុញឱ្យសម្រេចបាននូវ ការអភិវឌ្ឍសកលដែលមាន ភាពកាន់តែខ្លាំងក្លា បៃតងនិងល្អប្រសើរ ។
ភារកិច្ចជាបន្ទាន់ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សកលនាពេលបច្ចុប្បន្នគឺលុបចោល “គម្លាតខ្លាំងក្នុងការចែកចាយវ៉ាក់សាំង” ។ នៅពេលដំបូងនៃការផ្ទុះជំងឺកូវីដ១៩ ប្រទេសចិនក៏បានលើកឡើងថា ត្រូវចាត់ទុកវ៉ាក់សាំងជំងឺកូវីដ១៩ ជាផលិតផលសាធារណៈសកល ។ គិតមកទល់បច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់វ៉ាក់សាំងលើសពី១ពាន់៨រយលានដូសដល់ ប្រទេសនិងអង្គការអន្តរជាតិជាង ១២០ នៅលើពិភពលោក ។
ក្នុងពិធីអបអរសាទរការផ្តល់វ៉ាក់សាំង ដោយជោគជ័យរបស់ប្រទេសចិនលើកទី៧ សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់ចេញពីការ ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយប្រទេសចិនបានឡើយ វ៉ាក់សាំងដែលមានប្រភពមកពីប្រទេសចិនជាកូនសោគន្លឹះក្នុងការការពារ សុខភាពសាធារណៈ និងជួយសង្គ្រោះប្រជាជនកម្ពុជា ។
“វ៉ាក់សាំងរបស់ចិនមានសង្ឃឹម ក្លាយជាខ្សែជីវិតរបស់ប្រទេស កំពុងអភិវឌ្ឍន៍” កាសែត The New York Times របស់សហរដ្ឋអាមេរិកបាន ចុះផ្សាយបទអត្ថាធិប្បាយថា បន្ទាប់ពីកើតជំងឺកូវីដ១៩មក ប្រទេសចិនបានខិតខំប្រឹងប្រែងចាត់ទុកវ៉ាក់សាំងជំងឺកូវីដ១៩ជាផលិតផលសាធារណៈសកល ដើម្បីជំរុញភាពអាចទទួលបាននិងភាពអាចរ៉ាប់រងបានរបស់វ៉ាក់សាំងក្នុង ប្រទេសកំពុងអភិវឌ្ឍន៍ ។
ប្រទេសចិនបានបង្កើតរបាំង ភាពស៊ាំដ៏រឹងមាំដល់ពិភពលោក តាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន ហើយក៏បានដើរតួនាទីដ៏សំខាន់ ក្នុងការណែនាំកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទូទាំងពិភពលោកផងដែរ ។
ប្រទេសចិននឹង បន្តអនុវត្តតាមពាក្យសន្យា ដែលនឹងខិតខំប្រឹងប្រែងផ្តល់វ៉ាក់សាំងចំនួន ២ពាន់លានដូស ដល់ទូទាំងពិភពលោក និងរួមវិភាគទានវ៉ាក់សាំងឥតសំណងចំនួន១រយលានដូសទៀត ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងឆ្នាំ២០២១ ។
ការរីករាលដាលនៃជំងឺកូវីដ១៩ បានផ្ទុះឡើងម្តងហើយម្តងទៀត បានបង្ហាញថា មនុស្សជាតិជាសហគមន៍រួមវាសនា ដែលរួមសុខរួមទុក្ខជាមួយគ្នា ។ ក្នុងយុគសម័យនៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច មនុស្សជាតិនឹងត្រូវប្រឈម នូវបញ្ហាសន្តិសុខមិនមែន ប្រពៃណីគ្រប់បែបយ៉ាងឥតឈប់ឈរ ។ “ការប្រយុទ្ធប្រឆាំងជំងឺឆ្លងរៀងៗខ្លួន”មិនសមស្របនឹងយុគសម័យនេះឡើយ ហើយ “ការរួមគ្នាខិតខំប្រឹងប្រែង និងផ្តល់មធ្យោបាយជាមួយគ្នា”ទើបអាចទប់ទល់នឹងរាល់ បញ្ហាប្រឈមទាំងអស់។ ប្រឈមមុខនឹងហានិភ័យនិងបញ្ហាប្រឈម មានតែធ្វើកិច្ចសហប្រតិបត្តិការ ដោយរួមចិត្តរួមកម្លាំងនោះទេ ទើបអាចទទួលបានជោគជ័យ នៅទីចុងបំផុត ៕