ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ ប៊ុលហ្គារី ច្រានចោលការដាក់ពង្រាយ កងទ័ពណាតូ

បរទេស៖ រដ្ឋមន្ត្រីករពារជាតិ នៃប្រទេសប៊ុលហ្គារី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារថា ប្រទេសប៊ុលហ្គារី ចាត់ទុកការដាក់ពង្រាយកងទ័ពណាតូនៅលើទឹកដីខ្លួន ថាជាទង្វើមិនសមហេតុផល។

លោករដ្ឋមន្ត្រីការពារជាតិ Stefan Yanev បានថ្លែងយ៉ាងដូច្នេះ នៅក្នុងសារបង្ហោះលើបណ្ដាញផ្សព្វផ្សាយសង្គមហ្វែសប៊ុក ស្តីពីការឆ្លើយតបដែលអាចទៅរួចរបស់សម្ពន្ធមិត្តយោធា ចំពោះការប្រមូលផ្តុំយោធារបស់ប្រទេសរុស្ស៊ី នៅជិតព្រំដែនជាប់នឹងប្រទេសអ៊ុយក្រែន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានសរសេរយ៉ាងដូច្នេះថា “ការសម្រេចចិត្តបែបនេះ នឹងមិនត្រូវគ្នានឹងផលប្រយោជន៍របស់សម្ពន្ធមិត្ត ឬក៏ផលប្រយោជន៍ជាតិរបស់ប្រទេសប៊ុលហ្គារីនោះទេ”។

លោក Stefan Yanev បានធ្វើការបញ្ជាក់ចំពោះសេចក្តីរាយការណ៍ ដែលថា សេណារីយ៉ូជាច្រើន ដែលឆ្លើយតបចំពោះសកម្មភាពរបស់រុស្ស៊ី កំពុងតែពិចារណាដោយណាតូ រួមទាំងការដាក់ពង្រាយកងទ័ពបន្ថែម នៅក្នុងប្រទេសប៊ុលហ្គារីនិងប្រទេសរូម៉ានី ស្ថិតក្រោមបេសកកម្ម “Enhanced Forward Presence” របស់ណាតូ ប៉ុន្តែលោកបន្ថែមថា ទាំងនេះជាការពិភាក្សាបច្ចេកទេស និងមិនទាន់ មានការសម្រេចចិត្ត ត្រូវបានធ្វើឡើង នោះឡើយ៕

ប្រែសម្រួល៖ប៉ាង កុង

To Top