ព័ត៌មានអន្តរជាតិ

លោក ពូទីន ៖ អាមេរិកយល់ព្រម ចាប់ផ្តើមកិច្ចពិភាក្សា ក្នុងខែមករា ស្តីពីការធានាសន្តិសុខ សម្រាប់រុស្ស៊ី

បរទេស ៖ ប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បានប្រកាសថា សហរដ្ឋអាមេរិក បានយល់ព្រម ចាប់ផ្តើម ធ្វើការពិភាក្សាគ្នា ស្តីពីការធានាដល់សន្តិសុខ សម្រាប់ប្រទេសរុស្ស៊ី នៅក្នុងដើមឆ្នាំក្រោយ ក្នុងទីក្រុងហ្សឺណែវ ។

ថ្លែងនៅក្នុងសន្និសីទកាសែតប្រចាំឆ្នាំមួយ ក្នុងទីក្រុងមូស្គូ លោក ពូទីន បានមានប្រសាសន៍ ប្រាប់ថា រហូតមកទល់ពេលនេះ ប្រតិបត្តិកម្ម របស់សហរដ្ឋអាមេរិក ចំពោះសំណើ របស់រុស្ស៊ី ស្តីពីការធានាលើសន្តិសុខ គឺមានភាពវិជ្ជមាន ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AA ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោកប្រធានាធិបតីរុស្ស៊ី បានមានប្រសាសន៍ថា “ដៃគូអាមេរិករបស់យើងនិយាយថា ពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមកិច្ចពិភាក្សាគ្នាទាំងនេះ នាដើមឆ្នាំក្រោយ នៅក្នុងទីក្រុងហ្សឺណែវ” ។

នៅពេលត្រូវគេចោទសួរជាសំនួរថា តើរុស្ស៊ីនឹងផ្តល់ការធានា ចំពោះការមិនឈ្លានពានប្រទេសអ៊ុយក្រែន ប្រសិនបើកិច្ចពិភាក្សាគ្នា ស្តីពីសន្តិសុខចាប់ផ្តើមនោះ លោក ពូទីន បានមានប្រសាសន៍ យ៉ាងដូច្នេះថា “ចំណាត់ការរបស់យើង នឹងពឹងផ្អែកលើលទ្ធផល ដ៏ជាក់លាក់នៃកិច្ចពិភាក្សាគ្នា” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top