ព័ត៌មានអន្តរជាតិ

តៃវ៉ាន់និងជប៉ុន ពិចារណាធ្វើសហប្រតិបត្តិការ ទាំងស្រុងលើបន្ទះឈីប

បរទេស៖ គណបក្សកាន់អំណាច របស់ កោះតៃវ៉ាន់និងជប៉ុន នៅថ្ងៃសុក្រនេះ បានព្រមព្រៀងគ្នា ធ្វើកិច្ចសហប្រតិបត្តិការទាំងស្រុង លើបន្ទះឈីប និងប្រារប្ធធ្វើកិច្ចពិភាក្សាគ្នា ជាប្រក្រតី នេះបើតាមការនិយាយឲ្យដឹងពី សមាជិកសភាតៃវ៉ាន់ ក្រោយអ្វីដែលជាកិច្ចពិភាក្សាគ្នា ជាក់ស្តែងរវាងរដ្ឋាភិបាលទាំងពីរ។

តាមសេចក្តីរាយការណ៍ បើទោះជាកោះតៃវ៉ាន់ ដែលចិនអះអាងកម្មសិទ្ធិ និងប្រទេសជប៉ុន មិនមានចំណងមិត្តភាពការទូតផ្លូវការក៏ដោយ ក៏ប្រទេសទាំងពីរមានចំណងមិត្តភាពក្រៅផ្លូវការដ៏ជិតស្និទ្ធ ហើយទាំងពីរ សុទ្ធមានក្តីព្រួយបារម្ភដូចគ្នា ស្តីពីប្រទេសចិន ជាពិសេសនោះ គឺសកម្មភាពយោធាកើនឡើងរបស់ចិន នៅជិតជប៉ុននិងតៃវ៉ាន់។

លោក Chiu Chih-wei ជាសមាជិករដ្ឋសភា មកពីគណបក្សអភិវឌ្ឍន៍ លទ្ធិប្រជាធិតេយ្យ របស់តៃវ៉ាន់ បានមានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មានថា បន្ទះឈីបមិនមែនត្រឹមតែ ជាបញ្ហាមួយ សម្រាប់ឧស្សាហកម្មជប៉ុន ដែលដូចគ្នានឹងផ្នែកដទៃទៀត នៃពិភពលោក ប្រឈមមុខនឹងកង្វះខាត បន្ទះឈីប ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហាសន្តិសុខ ក្នុងការប្រឈមមុខ នឹងចិនផងដែរ។

លោកបាន មានប្រសាសន៍ដូច្នេះថា “ភាគីទាំងពីរបានព្រមព្រៀងគ្នាថា នៅក្នុងពេលអនាគត នឹងមានសហប្រតិបត្តិការបន្ថែមទៀត លើការផ្គត់ផ្គង់បន្ទះឈីប នឹងមានទម្រង់ការងារពេញលេញ គឺប្រព័ន្ធមួយ ដើម្បីមានសហប្រតិបត្តិការ ពេញលេញ លើបន្ទះឈីប និងឧស្សាហកម្មដទៃទៀត ដែលប្រទេសទាំងពីរ ផ្តោតសំខាន់”៕

ប្រែសម្រួល៖ប៉ាង កុង

To Top