ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត ៣៧នាក់ ដោយសារភ្លើងឆេះសាឡង់ ដឹកអ្នកដំណើរ នៅបង់ក្លាដេស

ដាកាៈ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ថា ប៉ូលិសបានលើកឡើងថា យ៉ាងហោចណាស់ មនុស្ស៣៧នាក់បានស្លាប់ នៅគ្រាដែលសាឡាង ពេលយប់ ដែលមានមនុស្សច្រើនកកកុញ បានឆាបឆេះនៅក្នុងប្រទេស បង់ក្លាដេស នៅថ្ងៃសុក្រ ខណៈដែលអ្នកដំណើរភ័យរន្ធត់ បានលោតពីលើសាឡង់ នោះដើម្បីគេចចេញពីភ្លើង ដែលកំពុងឆាបឆេះ ។

សោកនាដកម្ម នៅលើដែនសមុទ្រ ចុងក្រោយបង្អស់ ដែលកើតឡើងនៅក្នុង ប្រទេសក្រីក្រមួយនេះ បានកើតឡើងនៅព្រឹកព្រលឹម នៅក្នុងទន្លេមួយ នៅជិតក្រុង Jhalokathi ចម្ងាយ២៥០គីឡូម៉ែត្រ ស្ថិតនៅភាគខាងត្បូង ទីក្រុងដាកា ។

លោក Moinul Islam មេប៉ូលិសក្នុងតំបន់ បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP ថា “យើងបានរកឃើញសាកសពចំនួន ៣៧នាក់ហើយ ។ ចំនួនអ្នកស្លាប់អាចនឹងកើនឡើងទៀត” ។

លោក Islam បានលើកឡើងថា អគ្គិភ័យនេះត្រូវបានគេជឿថា មានប្រភព ចេញពីបន្ទប់ម៉ាស៊ីន ហើយបានឆាបឆេះតាមសាឡាង ។ ទោះបីជាមានសមត្ថភាព ផ្ទុកជាផ្លូវការ ៣១០នាក់ ក៏ដោយ កប៉ាល់បានដឹកមនុស្សយ៉ាងហោចណាស់៥០០នាក់ ដែលភាគច្រើន ធ្វើដំណើរត្រឡប់ទៅផ្ទះ ដែលមកពីរដ្ឋធានី ។

លោកបានលើកឡើងថា “យើងបានបញ្ជូនមនុស្ស ប្រហែល១០០នាក់ ដែលមានរបួសរលាកភ្លើង ទៅកាន់មន្ទីរពេទ្យនៅ ក្រុងBarisal “៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top