អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ថា អង្គការសហប្រជាជាតិ (UN) បានចាប់ផ្តើមយុទ្ធនាការមួយ នៅថ្ងៃសុក្រនេះ ដើម្បីរៃអង្គាស ប្រាក់ចំនួន១០៧,២លានដុល្លារ ដែលជាជំនួយសម្រាប់ជនរងគ្រោះដោយព្យុះទីហ្វុង Rai ដែលបានវាយប្រហារមកលើប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុន ។
អ.ស.ប បានឲ្យដឹងថា ប្រាក់នេះនឹងត្រូវបានកំណត់គោលដៅទៅកាន់មនុស្សចំនួន៥៣០.០០០នាក់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដែលត្រូវការទឹកស្អាត សម្ភារៈអនាម័យ អាហារ និងទីជម្រកសង្គ្រោះបន្ទាន់ ។
“មានសន្ទុះសម្រាប់ការគាំទ្រយ៉ាងពេញទំហឹង” អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសហ្វីលីពីន លោក Gustavo Gonzalez បានប្រាប់ដល់សន្និសីទសារព័ត៌មានមួយនៅមុននេះថាយ៉ាងដូច្នេះ ។
ព្យុះ Rai បានបំផ្លិចបំផ្លាញតំបន់ភាគខាងត្បូង និងភាគកណ្តាលនៃប្រជុំកោះ នៅគ្រាដែលព្យុះនេះបានវាយប្រហារ ហើយជាព្យុះទីហ្វុងដ៏ខ្លាំងក្លា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣៧៥នាក់បាត់បង់ជីវិត និងរាប់សែននាក់គ្មានផ្ទះសម្បែង៕
ដោយ៖ ម៉ៅ បុប្ផាមករា