បរទេស៖ ក្រុមពួកឧទ្ទាមបាននិយាយថា យោធារបស់ប្រទេសមីយ៉ានម៉ា បានធ្វើការវាយប្រហារ តាមអាកាសបន្ថែមទៀត លើតំបន់ពួកបះបោរគ្រប់គ្រងមួយកន្លែង នៅជិតព្រំដែនថៃ ក្នុងដំណើរកើនឡើងនៃអំពើហិង្សាដ៏ថ្មីបំផុត ដែលធ្វើឲ្យមនុស្សរាប់រាយនាក់ រត់ភៀសខ្លួនចូលទៅក្នុងប្រទេសថៃ។
សហភាពជាតិការ៉ែន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ពួកយោធាបានធ្វើការវាយប្រហារ តាមអាកាសយ៉ាងតិចចំនួនពីរ និងបានបាញ់កាំភ្លើងធំមួយចំនួន ទៅលើតំបន់មួយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ជិតព្រំដែនថៃនិងមីយ៉ានម៉ា កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
អ្នកសារព័ត៌មានរបស់រ៉យទ័រមួយរូប នៅទីក្រុង Mae Sot ដែលជាទីក្រុងព្រំដែនថៃមួយ ចម្ងាយប្រមាណ១៥គីឡូម៉ែត្រ ពីទីដែលមានការវាយប្រហារ តាមអាកាសកើតឡើង បានឮសម្លេងផ្ទុះជាច្រើនគ្រាប់ ពីយប់ថ្ងៃព្រហស្បតិ៍ នៅម៉ោងប្រហែល១១ ម៉ោងក្នុងតំបន់។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យឲ្យរបបយោធា របស់ប្រទេសមីយ៉ានម៉ាមួយរូប មិនបានលើកទូរស័ព្ទ ដែលព្យាយាមសុំការអត្ថាធិប្បាយ អំពីហេតុការណ៍វាយប្រហារតាមអាកាសនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង