ញូវដេលី៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា យន្តហោះចម្បាំងធុន MiG-21 របស់កងកម្លាំងអាកាសឥណ្ឌា (IAF) បានធ្លាក់នៅរដ្ឋ Rajasthan ភាគខាងលិចប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ិនហួ។
យន្តហោះបានធ្លាក់កាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលហ្វឹកហាត់ ហើយមិនមានព័ត៌មានណាមួយ ដែលអាចរកបានអំពីអ្នកបើកយន្តហោះនោះទេ ហើយរដ្ឋាភិបាលឥណ្ឌា ក៏មិនបានបង្ហាញពីទំហំនៃការខូចខាតផងដែរ។
ប្រភពបានឲ្យដឹងថា “ល្ងាចនេះ ប្រហែលម៉ោង ៨ និង ៣០នាទីយប់ (ម៉ោងក្នុងតំបន់) យន្តហោះ MiG-21 របស់ IAF បានជួបឧបទ្ទវហេតុក្នុងពេលហោះហើរនៅផ្នែកខាងលិច កំឡុងពេលហ្វឹកហាត់ ដោយព័ត៌មានលម្អិតបន្ថែមកំពុងរង់ចាំ” ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ដោយដកស្រង់សម្តីប៉ូលិសបានឲ្យដឹងថា យន្តហោះបានធ្លាក់នៅតំបន់ឧទ្យានជាតិវាលខ្សាច់ក្រោមស្ថានីយ៍ប៉ូលីស Sam ក្នុងស្រុក Jaisalmer នៃរដ្ឋ Rajasthan ។
យោងតាម IAF ការស៊ើបអង្កេតមួយកំពុងត្រូវបានបញ្ជាឱ្យចូលទៅក្នុងការធ្លាក់យន្តហោះនេះ ហើយទីតាំងពិតប្រាកដនៃការធ្លាក់នេះក៏មិនទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែធ្នូ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានធ្លាក់នៅតំបន់ Coonoor នៃស្រុក Nilgiris ចម្ងាយប្រហែល ៥៣៨គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Chennai រដ្ឋធានីនៃរដ្ឋ Tamil Nadu ដោយបានសម្លាប់ ឧត្តមសេនីយ៍ Bipin Rawat អគ្គសេនាធិការការពារជាតិរបស់ប្រទេសឥណ្ឌា៕
ដោយ ឈូក បូរ៉ា