ព័ត៌មានអន្តរជាតិ

អាមេរិក កាត់បន្ថយពេលធ្វើច័តាឡីស័ក សម្រាប់បុគ្គលិកពេទ្យ ដោយសារកង្វះបុគ្គលិក

វ៉ាស៊ីនតោន៖ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់ សហរដ្ឋអាមេរិក (CDC) បានកាត់បន្ថយរយៈពេលច័តាឡីស័ក សម្រាប់បុគ្គលិកថែទាំសុខភាពដែលឆ្លង COVID-19 ដោយសារតែកង្វះបុគ្គលិកមន្ទីរពេទ្យ ដែលជំរុញដោយការកើនឡើង នៃករណីថ្មី និងការសម្រាកនៅមន្ទីរពេទ្យ។

CDC បានកែប្រែគោលការណ៍ណែនាំរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដោយផ្តល់អនុសាសន៍ថាបុគ្គលិកថែទាំសុខភាព ដែលមិនមានរោគសញ្ញាត្រឡប់ទៅធ្វើការវិញបន្ទាប់ពី ៧ថ្ងៃជាមួយនឹងការធ្វើតេស្តអវិជ្ជមានដោយបន្ថែមថា “ពេលវេលានៅដាច់ដោយឡែកអាចត្រូវបានកាត់បន្ថយបន្ថែមទៀតប្រសិនបើមានការខ្វះខាតបុគ្គលិក” ។

ទីភ្នាក់ងារនេះក៏បានឲ្យដឹងផងដែរថា បុគ្គលិកទាំងនោះដែលបានទទួលវ៉ាក់សាំង ដែលបានណែនាំទាំងអស់ រួមទាំងដូសជំរុញ មិនចាំបាច់ត្រូវដាក់ឱ្យនៅដាច់ពីគេនៅផ្ទះ បន្ទាប់ពីការប៉ះពាល់ដែលមានហានិភ័យខ្ពស់។

គោលការណ៍ណែនាំថ្មីនេះអនុវត្តចំពោះកន្លែងថែទាំសុខភាពទាំងអស់ ដែលពាក់ព័ន្ធដោយផ្ទាល់ក្នុងការថែទាំអ្នកជំងឺ ដែលរួមមានមន្ទីរពេទ្យ មណ្ឌលថែទាំ ការិយាល័យមាត់ធ្មេញ និងកន្លែងវេជ្ជសាស្ត្រផ្សេងទៀត។

នាយក CDC លោកស្រី Rochelle Walensky បានលើកឡើងថា “នៅពេលដែលសហគមន៍ថែទាំសុខភាពរៀបចំ សម្រាប់ការកើនឡើងដែលរំពឹងទុក ចំពោះអ្នកជំងឺដោយសារតែទម្រង់ឆ្លងថ្មីអូមីក្រុង CDC កំពុងធ្វើបច្ចុប្បន្នភាពអនុសាសន៍របស់យើង ដើម្បីឆ្លុះបញ្ចាំងពីអ្វីដែលយើងដឹងអំពីការឆ្លង និងការប៉ះពាល់នៅក្នុងបរិបទនៃការចាក់ថ្នាំបង្ការ និងកម្រិតថ្នាំដូសជំរុញ” ។

លោកស្រីបានបន្ដថា “គោលដៅរបស់យើង គឺរក្សាបុគ្គលិកថែទាំសុខភាព និងអ្នកជំងឺឱ្យមានសុវត្ថិភាព និងដើម្បីដោះស្រាយ និងទប់ស្កាត់បន្ទុកមិនសមរម្យលើកន្លែងថែទាំសុខភាពរបស់យើង”។ លោកស្រី Walensky ក៏បានជំរុញឱ្យបុគ្គលិកថែទាំសុខភាពទាំងអស់ ទទួលថ្នាំបង្ការ និងដូសជំរុញផងដែរ៕

ដោយ ឈូក បូរ៉ា

To Top