ឡុងដ៌៖ ចក្រភពអង់គ្លេស បានរាយការណ៍ ពីករណីឆ្លងវីរុសកូវីដ-១៩ ចំនួន ១២២,១៨៦ ករណីទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលលើសពី ១២០,០០០ ករណីប្រចាំថ្ងៃជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាត នេះបើយោងតាមតួលេខផ្លូវការ។ ករណីឆ្លងមេរោគសរុប នៅក្នុងប្រទេសកើនឡើង ដល់ ១១,៨៩១,២៩២ករណី។
ប្រទេសនេះ ក៏បានរាយការណ៍ ពីការស្លាប់ដែល ទាក់ទងនឹងជំងឺកូវីដ-១៩ បន្ថែមទៀតចំនួន១៣៧នាក់។ ចំនួនសរុប នៃការស្លាប់ដែលទាក់ទងនឹង មេរោគឆ្លងនៅក្នុងប្រទេសអង់គ្លេស ឥឡូវនេះ មានចំនួន ១៤៧,៨៥៧នាក់ ដោយមានអ្នកជំងឺ ៨,២៤០នាក់នៅតែស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ។
ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានឲ្យដឹងកាលពីថ្ងៃសុក្រថា ករណីឆ្លងមេរោគអូមីក្រុង ចំនួន ២៣,៧១៩ករណី ផ្សេងទៀតត្រូវបានបញ្ជាក់នៅក្នុងប្រទេសអង់គ្លេស ដែលជាការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុតចាប់តាំងពីទម្រង់ឆ្លងនេះ ត្រូវបានរកឃើញនៅក្នុងប្រទេស ដោយធ្វើឱ្យករណីអូមីក្រុងសរុប ដែលបានរកឃើញនៅក្នុងប្រទេសកើនឡើងដល់ទៅ ១១៤,៦២៥ករណី នេះបើតាមទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA)។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញបានឲ្យដឹងថា ទំនងជាមានការឆ្លងរាប់រយរាប់ពាន់នាក់ក្នុងមួយថ្ងៃ ដោយមនុស្សជាច្រើនត្រូវបានខកខានដោយប្រព័ន្ធធ្វើតេស្ដ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
តួលេខចុងក្រោយបំផុតបានកើតឡើង ខណៈដែលទិន្នន័យបានបង្ហាញថា មនុស្សប្រហែល ១នាក់ក្នុងចំនោមមនុស្ស ២០នាក់នៅទីក្រុងឡុងដ៍ មានផ្ទុកមេរោគកូវីដ-១៩ ក្នុងសប្តាហ៍ដល់ថ្ងៃទី១៩ ខែធ្នូ។
ការិយាល័យស្ថិតិជាតិបានឲ្យដឹងថា លទ្ធផលនៃការស្ទង់មតិថ្នាក់ជាតិបង្ហាញថា រដ្ឋធានីអង់គ្លេសមានអត្រាឆ្លងខ្ពស់បំផុតរបស់ប្រទេសនេះ។ លទ្ធផល គឺផ្អែកលើទិន្នន័យ ដែលបានប្រមូលនៅចន្លោះថ្ងៃទី១៣ និង១៩ ខែធ្នូ៕
ដោយ ឈូក បូរ៉ា