មូស្គូ៖ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យ គឺបានគំរាមប្រទេសរុស្ស៊ីជាមួយនឹងទណ្ឌកម្មថ្មី ដែលមិនធ្លាប់មានពីមុនមក ប្រសិនបើប្រទេសនេះឈ្លានពានប្រទេសអ៊ុយក្រែន ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Kamala Harris បានប្រាប់សារព័ត៌មាន CBS ថា “យើងកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់យើងក្នុងរឿងនេះ ហើយយើងច្បាស់ណាស់ថាយើងត្រៀមខ្លួនដើម្បីដាក់ចេញទណ្ឌកម្មដូចដែលអ្នកមិនបានឃើញពីមុនមក” ។
នៅពេលសួរអំពីលទ្ធភាពនៃសង្រ្គាមក្តៅដែលអាចផ្ទុះឡើងនៅអឺរ៉ុបក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ លោកស្រី Harris បាននិយាយថា រដ្ឋបាល Biden កំពុងមាន “ការសន្ទនាដោយផ្ទាល់” ជាមួយរុស្ស៊ី។ លោក Joe Biden និងលោកស្រី បានបញ្ជាក់យ៉ាងច្បាស់ដល់លោកប្រធានាធិបតី Vladimir Putin ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងក្រោកឈរឡើងដើម្បីបូរណភាពទឹកដីអ៊ុយក្រែន៕