ព័ត៌មានអន្តរជាតិ

សឹងបុរី នឹងមិនអនុញ្ញាតឱ្យអ្នក ដែលមិនបានចាក់វ៉ាក់សាំង ចូលធ្វើការ ចាប់ពីថ្ងៃទី១៥មករា ឆ្នាំ២០២២ តទៅ ទោះបីតេស្តអវិជ្ជមានក៏ដោយ

សិង្ហបុរី៖ ក្រសួងសុខាភិបាលសឹង្ហបុរី (MOH)បានប្រកាសកាលពីថ្ងៃអាទិត្យថា អ្នកធ្វើការដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះទេ នឹងមិនត្រូវបានអនុញ្ញាតឱ្យ ត្រឡប់ចូលទៅកន្លែងធ្វើការវិញទេ ចាប់ពីថ្ងៃទី ១៥ ខែមករា តទៅ បើទោះជាពួកគេទទួលបានលទ្ធផលតេស្តមុនព្រឹត្តិការណ៍ (PET) អវិជ្ជមានក៏ដោយ។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងបាននិយាយកាលពីខែតុលាថា អ្នកដែលមិនបានចាក់វ៉ាក់សាំងការពារវីរុស នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលកន្លែងធ្វើការឡើយ ចាប់ពីខែមករាឆ្នាំ ២០២២តទៅ ទោះបីពួកគេធ្វើតេស្តអវិជ្ជមានសម្រាប់ COVID-19 ក៏ដោយ។

MOH បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅម៉ោង ១១ យប់ថា “បន្ទាប់ពីការត្រួតពិនិត្យ និងការពិភាក្សាជាមួយដៃគូត្រីភាគី យើងបានសម្រេចចិត្តដកការទទួលស្គាល់ PET សម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំង ត្រឡប់ទៅកន្លែងធ្វើការវិញចាប់ពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២”។

ក្រសួងបាននិយាយថា និយោជិតដែលបានចាក់វ៉ាក់សាំងបង្ការវីរុសដោយផ្នែក – អ្នកដែលបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ប៉ុន្តែមិនទាន់បានចាក់វ៉ាក់សាំងពេញលេញ នឹងត្រូវបានផ្តល់រយៈពេលអនុគ្រោះរហូតដល់ថ្ងៃទី ៣១ ខែមករា ដើម្បីបញ្ចប់ការចាក់វ៉ាក់សាំង។ ក្នុងអំឡុងពេលអនុគ្រោះ ពួកគេអាចចូលកន្លែងធ្វើការរបស់ពួកគេជាមួយនឹងលទ្ធផល PET អវិជ្ជមាន។

MOH បានបញ្ជាក់ថា “ការតម្រូវថ្មីនេះនឹងជួយការពារបុគ្គលដែលមិនបានទទួលថ្នាំបង្ការ និងបង្កើតកន្លែងធ្វើការដែលមានសុវត្ថិភាពជាងមុនសម្រាប់មនុស្សគ្រប់គ្នា” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top