ព័ត៌មានអន្តរជាតិ

នាវាចម្បាំង ទ័ពជើងទឹកអាមេរិក ផ្អាកធ្វើដំណើរនៅគុយបា ស្របពេលមានការផ្ទុះឆ្លងកូវីដ១៩

បរទេស៖ នាវាចម្បាំងទ័ពជើងទឹក សហរដ្ឋអាមេរិកមួយគ្រឿង ដែលបញ្ជូនឲ្យធ្វើបេសកកម្ម ប្រឆាំងការជួញដូរគ្រឿងញៀន នៅសមុទ្រការ៉ាប៊ីន និងប៉ាស៊ីហ្វិកខាងកើត បានផ្អាកការធ្វើដំណើរនៅឈូងសមុទ្រ Guantanamo Bay ប្រទេសគុយបា កាលពីចុងសប្ដាហ៍ ស្របពេលមានការផ្ទុះឆ្លងជម្ងឺកូវីដ១៩។

យោងតាមសេចក្តីថ្លែងការណ៍មួយ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានឲ្យដឹងថា ការបញ្ជូននាវាចម្បាំង USS Milwaukee ទៅកាន់តំបន់ប្រតិបត្តិការ របស់កងនាវាលេខ៤ របស់អាមេរិក ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀននេះ បានផ្អាកដំណើរនៅផែទ័ពជើងទឹកមួយ ក្នុងតំបន់ឈូងសមុទ្រ Guantanamo Bay។

ទីភ្នាក់ងារសារព័ត៌មាន Washington Post បានរាយការណ៍ថា ស្របពេលដែលវា មិនទាន់ត្រូវបានកំណត់ថា តើជម្ងឺកូវីដ១៩ប្រភេទអូមីក្រុង បានឲ្យមានការផ្ទុះឆ្លងនៅឡើយនោះ ក្រុមមន្ត្រីក្រសួងការពារជាតិអាមេរិក កំពុងតែត្រៀមផ្តល់ការ ចាក់វ៉ាក់សាំងដូសជំរុញ ឲ្យដល់សមាជិកលើនាវានោះ ដោយផ្អែកតាមការស្ម័ក្រចិត្ត ព្យាយាមទប់ស្កាត់ការឆ្លងរាលដាល។

គួរបញ្ជាក់ថា កាលពីឆ្នាំមិញ ការផ្ទុះឆ្លងដ៏ធំដំបូងនៃជម្ងឺកូវីដ១៩ នៅក្នុងចំណោមយោធាអាមេរិកនោះ បានកើតមានឡើង នៅលើនាវាផ្ទុកយន្តហោះ USS Theodore Roosevelt ដែលកំពុងតែធ្វើប្រតិបត្តិការ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top