ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ថា មនុស្សរាប់រយពាន់នាក់ទៀត ត្រូវបានបញ្ជាឱ្យស្នាក់នៅ ក្នុងផ្ទះស្ថិតនៅភាគខាងជើង ប្រទេសចិន នៅអង្គារនេះ ខណៈដែលប្រទេសនេះ បានប្រយុទ្ធប្រឆាំងនឹងការ កើនឡើងនៃជំងឺកូវីដ-១៩ ដ៏អាក្រក់បំផុតក្នុងរយៈពេល២១ខែ ហើយអ្នកស្រុកដែលត្រូវបាន បិទខ្ទប់បានបង្ហោះលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយត្អូញត្អែរអំពីកង្វះអាហារហូបចុក ។
ប្រទេសចិន ជាកន្លែងដែលមេរោគបានផ្ទុះឡើងកាលពី ២ឆ្នាំមុន បានអនុវត្តតាមយុទ្ធសាស្ត្រ “សូន្យនៃជំងឺកូវីដ-១៩” ដោយធ្វើការរឹតបន្តឹងនៅ តាមព្រំដែនដ៏តឹងរឹង ហើយធ្វើការដាក់ឱ្យនៅ ដាច់ពីគេរយៈពេលវែង និងបិទខ្ទប់គោលដៅ ខណៈដែលក្រុងប៉េកាំង រៀបចំដើម្បីស្វាគមន៍ ភ្ញៀវទេសចរបរទេសរាប់ពាន់នាក់ មកកាន់ព្រឹត្តិការណ៍កីឡាអូឡាំពិក នារដូវរងាក្នុងខែកុម្ភៈ ។
ប៉ុន្តែអាជ្ញាធរបានប្រឈមមុខ នឹងការរីករាលដាលនៃ មេរោគនៅក្នុងសប្តាហ៍ថ្មីៗនេះ ដោយរាយការណ៍ពីការឆ្លងចំនួន ២០៩នាក់ សម្រាប់ថ្ងៃអង្គារនេះ ដែលជាចំនួនខ្ពស់បំផុតមួយថ្ងៃ ចាប់តាំងពីខែមីនាឆ្នាំមុន នៅគ្រាដែលជំងឺរាតត្បាត បានរាលដាលពាសពេញទីក្រុង Wuhan ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា