វ៉ាស៊ីនតោន ៖ កុមារជាង ៧,៥ លាននាក់បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត នៅក្នុងសហរដ្ឋអាមេរិក ដែលតំណាងឱ្យ ១ ក្នុងចំណោមកុមារអាមេរិក ១០នាក់ នេះបើយោងតាមរបាយការណ៍ ចុងក្រោយរបស់បណ្ឌិតសភា កុមារអាមេរិក (AAP) និងសមាគមមន្ទីរពេទ្យកុមារ។
យោងតាមរបាយការណ៍ ដែលបានចេញផ្សាយ បានឱ្យដឹងថា ករណីកុមារចំនួន ៧,៥៦៥,៤១៦ករណី នៃជំងឺកូវីដ-១៩ ត្រូវបានរាយការណ៍ នៅទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ហើយកុមារតំណាងឱ្យ ១៧,៤ភាគរយ នៃករណីដែលត្រូវបានបញ្ជាក់ទាំងអស់ នេះបើយោង តាមរបាយការណ៍។
ករណីឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមកុមារ នៅសហរដ្ឋអាមេរិក គឺ “ខ្ពស់ និងកើនឡើងខ្លាំង” នេះបើយោងតាមរបាយការណ៍។ សម្រាប់សប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី២៣ ខែធ្នូ ករណីកុមារ ជិត ២០ម៉ឺនករណីនៃជំងឺកូវីដ-១៩ ត្រូវបានរាយការណ៍ កើនឡើង ៥០ភាគរយធៀប នឹងករណីថ្មីប្រចាំសប្តាហ៍ នៅដើមខែធ្នូ។ នេះ ជា ការ កត់ សម្គាល់ ករណី ឆ្លងជំងឺកូវីដ-១៩លើកុមារ ប្រចាំ សប្តាហ៍ ទី ២០ ជាប់ គ្នា ដែលមាន លើស ពី ១០០,០០០ករណី។
យោងតាម AAP បានឱ្យដឹងថា ចាប់តាំងពីសប្តាហ៍ដំបូងនៃខែកញ្ញា មានករណីកុមារបន្ថែមជាង ២,៥ លានករណី។ របាយការណ៍បានឲ្យដឹងទៀតថា កុមារមានចំនួនពី ១,៨ភាគរយ ទៅ ៤,១ ភាគរយនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុប និង ០ ទៅ ០,២៧ ភាគរយនៃការស្លាប់ទាំងអស់នៃជំងឺកូវីដ-១៩ នៅអាមេរិក ៕
ដោយ ឈូក បូរ៉ា