បរទេស៖មន្ត្រីការទូតជាន់ខ្ពស់សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហភាពអឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសមីយ៉ានម៉ា ក្រោយមានអំពើហិង្សាកើនឡើងថ្មីដែលធ្វើឡើងដោយកងទ័ព ហើយក៏កំពុងតែជំរុញឲ្យមានការដាក់បម្រាមមិនឲ្យលក់អាវុធឲ្យប្រទេសនេះផងដែរ។
ទីភ្នាក់ងារមនុស្សធម៌ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មនុស្សជាង៣០នាក់ ដោយរួមមានទាំងស្ត្រីនិងកុមារផងដែរ ត្រូវកងទ័ពសម្លាប់ ហយសាកសពរបស់ពួកគត្រូវបានដុតនៅក្នុងភូមិមួយកន្លែង ក្នុងរដ្ឋ Kayah ប្រទេសមីយ៉ានម៉ា កាលពីសប្ដាហ៍មុន។
យោធារបស់ប្រទេសមីយ៉ានម៉ា បាននិយាយថា ខ្លួនបានបាញ់សម្លាប់ពួកភេរវករមួយក្រុម មកពីកងកម្លាំងប្រឆាំងប្រដាប់អាវុធ នៅក្នុងភូមិក្រោយពួកគេមិនឈប់សម្រាប់ការត្រួតពិនិត្យរបស់យោធា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយយ៉ាងដូច្នេះថា “ក្នុងទិដ្ឋភាពនៃអំពើហិង្សាកើនឡើងនៅក្នុងប្រទេសមីយ៉ានម៉ានោះ ចំណាត់ការទប់ស្កាត់កើនឡើងរបស់អន្តរជាតិ គឺជារឿងចាំបាច់ ដោយរួមបញ្ចូលទាំងការដាក់បម្រាមមិនឲ្យលក់អាវុធឲ្យផងដែរ”៕ប្រែសម្រួល៖ប៉ាង កុង
