បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃពុធសប្ដាហ៍នេះ បានធ្វើការតែងតាំងលោកស្រី Rina Amiri ជាអតីតទីប្រឹក្សាសន្តិសុខរដ្ឋាភិបាល សហរដ្ឋអាមេរិក ដែលរិះគន់ចំពោះការដកទ័ពអាមេរិក ចេញពីអាហ្វហ្គានីស្ថាន ឲ្យកាន់តំណែងជាប្រេសិតពិសេស សម្រាប់ស្ត្រី ក្មេងស្រីនិងសិទ្ធិមនុស្ស នៅអាហ្វហ្គានីស្ថាន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Blinken បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមានបំណងចង់បាន ប្រទេសអាហ្វហ្គានីស្ថានមានសន្តិភាព ស្ថិរភាពនិងសន្តិសុខ ជាទីដែលប្រជាជនអាហ្វហ្គានីស្ថានទាំងអស់ អាចរស់នៅនិងរីកចម្រើន ក្នុងផ្នែកនយោបាយ សេដ្ឋកិច្ចនិងសង្គម។ ប្រេសិតពិសេស គឺលោកស្រី Amiri នឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយខ្ញុំ ឆ្ពោះទៅរកគោលដៅនោះ”។
គួរបញ្ជាក់ថា លោកស្រី Amiri បានចំណាយពេល២ទសវត្ស ផ្តល់ការប្រឹក្សាដល់រដ្ឋាភិបាលនានា អង្គការសហប្រជាជាតិ និងក្រុមអ្នកវិភាគ ស្តីពីបញ្ហាពាក់ព័ន្ធប្រទេសអាហ្វហ្គានីស្ថាន ហើយក្រោមអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា លោកស្រីបានបម្រើការ ជាទីប្រឹក្សាជាន់ខ្ពស់មួយរូប ចំពោះតំណាងពិសេសសហរដ្ឋអាមេរិក សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា នៅដើមសប្ដាហ៍នេះ ពួកតាលីបង់បានចេញសេចក្តីសម្រេចថា ស្ត្រីដែលធ្វើដំណើរឆ្ងាយ ជាង៧២គីឡូម៉ែត្រ គួរតែមានបុរសជាសមាជិកគ្រួសារអមដំណើរជាមួយ ហើយស្ត្រីក៏ត្រូវបានហាមឃាត់ មិនឲ្យចាក់តន្ត្រីនៅក្នុងរថយន្តផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង