បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃពុធសប្ដាហ៍នេះ បានអំពាវនាវឲ្យអាជ្ញាធរចិន និងអាជ្ញាធរហុងកុង ឲ្យធ្វើការដោះលែងភ្លាម នូវនិយោជិតកាសែត Stand News ដែលត្រូវបានចាប់ខ្លួន ក្រោយប្រតិបត្តិការឆ្មក់របស់ប៉ូលិស ដែលបានបិទការបោះពុម្ពផ្សាយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងអំពាវនាវឲ្យអាជ្ញាធរ របស់សាធារណរដ្ឋប្រជាមានិតចិន និងហុងកុង បញ្ឈប់ការផ្តោតគោលដៅ ទៅលើប្រព័ន្ធផ្សព្វផ្សាយសេរី និងឯករាជ្យរបស់ហុងកុង និងដោះលែងភ្លាម នូវអ្នកសារព័ត៌មាន និងអ្នកចាត់ការប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ ដែលត្រូវបានឃុំខ្លួន និងជាប់ចោទដោយយអយុត្តិធម៌”។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោក Antony Blinken បានមានប្រសាសន៍ដូច្នេះបន្តថា “ដោយការបំបិទមាត់ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សាធារណរដ្ឋប្រជាមានិតចិន និងអាជ្ញាធរក្នុងតំបន់ ធ្វើឲ្យប៉ះពាល់ដល់ភាពគួរឲ្យទុកចិត្ត និងលទ្ធភាពជោគជ័យ របស់ហុងកុង”។
គួរបញ្ជាក់ថា ប៉ូលិសនៅក្នុងទីក្រុងហុងកុង ជាទីដែលទីក្រុងប៉េកាំង កំពុងតែបង្កើនការគ្រប់គ្រងនោះ នៅថ្ងៃពុធសប្ដាហ៍នេះ បានសម្រុកចូលទៅក្នុងការិយាល័យ របស់កាសែត Stand News រឹបអូសយកទូរស័ព្ទ កុំព្យូទ័រ និងឯកសារនានា ព្រមទាំងចាប់នាំខ្លួន និពន្ធនាយករបស់កាសែតនេះ៕ ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
