ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុង វាយប្រហារ នៅក្នុងប្រទេសហ្វីលីពីន បណ្តាលឲ្យស្លាប់មនុស្ស រហូតដល់ជាង ៤០០នាក់

ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ថា ទីភ្នាក់ងារគ្រោះមហន្តរាយ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសហ្វីលីពីន ដោយសារព្យុះទីហ្វុង Rai មានរហូតដល់ជាង ៤០០នាក់ហើយ ខណៈដែលមន្ត្រីនៅក្នុងខេត្តមួយចំនួនដែលរងគ្រោះខ្លាំងបានអំពាវនាវ ឱ្យមានការផ្គត់ផ្គង់ស្បៀងអាហារ ទឹក និងសម្ភារៈជម្រកបន្ថែមទៀតប្រហែល២សប្តាហ៍ បន្ទាប់ពីខ្យល់ព្យុះបានវាយប្រហារ ។

គួរបញ្ជាក់ថា ព្យុះ Rai គឺជាព្យុះទីហ្វុងទី១៥ និងសម្លាប់មនុស្សច្រើនបំផុត ដែលបានវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍នៅក្នុងឆ្នាំនេះ។

លោក Ricardo Jalad ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បានប្រាប់សន្និសីទសារព័ត៌មានមួយថា ចំនួនអ្នកស្លាប់បានកើនឡើង ដល់៤០៥នាក់ ដែលភាគច្រើន ដោយសារតែការលង់ទឹក ដើមឈើរលំ និងការបាក់ដី។ លោកបានលើកឡើងថា មនុស្ស៨២នាក់ បានបាត់ខ្លួន និង១.១៤៧នាក់បានរងរបួស ។

លោក Jalad បានឲ្យដឹងថា ផ្ទះជាង៥៣០.០០០ត្រូវបានខូចខាត ដែល១/៣ត្រូវបានបំផ្លាញទាំងស្រុង ខណៈដែលការខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្មត្រូវបាន គេប៉ាន់ប្រមាណថា មានទឹកប្រាក់ចំនួន២៣,៤ពាន់លានប៉េសូ ស្មើនឹង៤៥៩លានដុល្លារអាមេរិក ។

ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ព្យុះទីហ្វុងបានបង្កផលប៉ះពាល់ ដល់មនុស្សជិត៤,៥លាននាក់ រួមទាំងជម្រកប្រហែល ៥០០.០០០នៅក្នុងមជ្ឈមណ្ឌលជម្លៀស ។ ព្យុះនេះបានធ្វើឱ្យមានការបាក់ដីដែលជាព្យុះទីហ្វុងប្រភេទទី៥ ដែលបានបោកបក់កាលពីថ្ងៃទី១៦ ខែធ្នូ ហើយបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញនៅក្នុងខេត្ត Bohol, Cebu និង Surigao del Norte រួមទាំងកោះ Siargao និងកោះ Dinagat ទៀតផង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top