ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកោះតៃវ៉ាន់ ផ្ញើសារព្រមាន ទៅចិន ក្នុងសុន្ទរកថា ឆ្នាំថ្មី២០២២

បរទេស៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានប្តេជ្ញាបន្តការពារឯករាជ្យ ភាពរបស់កោះនេះ ប្រឆាំងនឹងទីក្រុងប៉េកាំង នៅក្នុងសុន្ទរកថាឆ្នាំថ្មី លោកស្រីបាននិយាយថា ភាពខុសគ្នាជាមួយចិនដីគោកកុម្មុយនិស្ត គឺមិនអាចដោះស្រាយ ដោយកម្លាំងបានទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Tsai បាននិយាយ នៅក្នុងសុន្ទរកថាឆ្នាំថ្មីដែលបានចាក់ផ្សាយនៅថ្ងៃសៅរ៍ថា “ជំហរជាប់លាប់របស់កោះតៃវ៉ាន់គឺថាយើងនឹងមិនឱនក្បាលដាក់សម្ពាធ ឬធ្វើសកម្មភាពដោយចេតនានៅពេលដែលយើង មានការគាំទ្រ” ។

លោកស្រីបន្តថា “យើងចង់ក្រើនរំលឹកអាជ្ញាធរ ក្រុងប៉េកាំងថា ពួកគេមិនគួរយល់ច្រឡំ អំពីស្ថានភាពនោះទេ ហើយថាពួកគេគួរតែបញ្ឈប់ការរីករាលដាល នៃដំណើរបែបប្រថុយប្រថាន ខាងយោធានៅក្នុងជួររបស់ពួកគេ”។

ទីក្រុងប៉េកាំងបានអះអាងថា កោះតៃវ៉ាន់ ដែលជាដីកោះឯករាជ្យប្រកាសដោយខ្លួនឯង ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក គឺជាទឹកដីរបស់ខ្លួន។ បញ្ហាកោះតៃវ៉ាន់ នៅតែជាចំណុចកណ្តាល នៃភាពតានតឹងរវាងអាមេរិក និងចិនកាន់តែទូលំទូលាយពេញមួយឆ្នាំ២០២១។

ប្រធានាធិបតីកោះតៃវ៉ាន់រូបនេះបន្ថែមថា ការប្រើប្រាស់មធ្យោបាយយោធាគឺពិតជាមិនមែន ជាជម្រើសសម្រាប់ដោះស្រាយភាពខុសគ្នារវាងភាគីទាំងពីរ របស់យើងនោះទេ។ ភាពតានតឹងនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់អាចត្រូវបានដោះស្រាយ ដោយសន្តិវិធីតែប៉ុណ្ណោះ។

លោកស្រីបានសង្កត់ធ្ងន់ថា ការការពារ “អធិបតេយ្យភាពដែនដី និងសន្តិសុខជាតិ” របស់កោះតៃវ៉ាន់នឹងបន្តជាអាទិភាព របស់រដ្ឋាភិបាលលោកស្រីនៅឆ្នាំ ២០២២៕ ប្រែសម្រួលៈ ណៃ តុលា

To Top