ព័ត៌មានអន្តរជាតិ

ស្រ្តីជនជាតិវៀតណាមម្នាក់ បានស្លាប់ បន្ទាប់ពីចាក់វ៉ាក់សាំង Pfizer លើកទី២

បរទេស៖ ស្ត្រីអាយុ 23 ឆ្នាំម្នាក់ នៅខេត្ត Lao Cai ភាគខាងជើង ប្រទេសវៀតណាម បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទីពីរ ប្រភេទ Pfizer ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរសុខាភិបាលខេត្តបាននិយាយថា “អ្នកជំងឺបានស្លាប់ ដោយសារប្រតិកម្មអាលាក់ហ្ស៊ី កម្រិត៤ បន្ទាប់ពីការចាក់វ៉ាក់សាំង Covid-19 ដោយសារលក្ខណៈនៃវ៉ាក់សាំង” ។ ការស្លាប់របស់នាងមិនទាក់ទងនឹងដំណើរការចាក់ថ្នាំ ការដឹកជញ្ជូន ការផ្ទុក និងការប្រើប្រាស់វ៉ាក់សាំងនោះទេ។

នាងមិនមានប្រតិកម្មមិនប្រក្រតីណាមួយ បន្ទាប់ពីការបាញ់លើកដំបូងកាលពីថ្ងៃទី ២១ ខែវិច្ឆិកាឡើយ។

បន្ទាប់ពីចាក់ថ្នាំលើកទី២ នៅរសៀល ថ្ងៃទី៣០ ខែធ្នូ នាងបានស្នាក់នៅកន្លែងចាក់ថ្នាំរយៈពេល ៣០នាទី ដើម្បីតាមដានសុខភាព ហើយចាប់ផ្តើមមានអារម្មណ៍អស់កម្លាំង ដកដង្ហើមខ្លី ឈឺពោះ និងចង្អោរ។ នាងត្រូវបានព្យាបាល ដោយបុគ្គលិកពេទ្យនៅនឹងកន្លែង ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទូទៅ Sa Pa កន្លែងដែលក្រុមនៃមន្ទីរពេទ្យខេត្ត Lao Cai បានផ្តល់ជំនួយសង្គ្រោះបន្ទាន់។ 

ទោះជាយ៉ាងណា នាងបានស្លាប់នៅម៉ោង ៩ យប់ នៅថ្ងៃដដែល៕ ប្រែសម្រួលៈ ណៃ តុលា

To Top