ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញឱ្យ UN នាំអាមេរិក និងអ៊ីស្រាអែល មកកាត់ទោស ជុំវិញការសម្លាប់ឧត្តមសេនីយ៍ Qasem Soleimani

" "

បរទេស៖ តំណាងអចិន្ត្រៃយ៍របស់ប្រទេសអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ លោក Majid Takht Ravanchi នៅក្នុងលិខិតមួយដែល បានចេញផ្សាយនៅថ្ងៃច័ន្ទ គឺនអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ នាំសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មកកាត់ទោសចំពោះ ឃាតកម្មលើឧត្តមសេនីយ៍ Qasem Soleimani ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លិខិតនេះត្រូវបានផ្ញើទាក់ទង នឹងខួបលើកទី ២ នៃការធ្វើឃាត លើឧត្តមសេនីយ៍ Qasem Soleimani ។

" "

នៅក្នុងលិខិតនោះ លោក Ravanchi បាននិយាយថា “ដោយមើលឃើញពីផលប៉ះពាល់ ដ៏ធ្ងន់ធ្ងរនៃសកម្មភាពភេរវកម្មនេះ ទៅលើសន្តិភាព និងសន្តិសុខអន្តរជាតិ ក្រុមប្រឹក្សាសន្តិសុខត្រូវតែអនុវត្ត តាមទំនួលខុសត្រូវដែលមាន មូលដ្ឋានលើធម្មនុញ្ញ ហើយចាប់សហរដ្ឋអាមេរិក និងរបបអ៊ីស្រាអែល ឱ្យទទួលខុសត្រូវលើការរៀបចំផែនការ គាំទ្រ និងប្រព្រឹត្តអំពើភេរវកម្មនោះ”។

" "

យោងតាមលោក Ravanchi គឺលោកឧត្តមសេនីយ៍ Soleimani បានដើរតួយ៉ាងសំខាន់ក្នុងការ ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិ ដូច្នេះឃាតកម្មរបស់គាត់គឺជា “អំណោយដ៏អស្ចារ្យ” ដល់ក្រុមភេរវករ Daesh និងក្រុមភេរវករផ្សេងទៀត ដែលត្រូវបានទទួលស្គាល់ ដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។

លោកជម្រាបថា ឧត្តមសេនីយ៍ Qasem Soleimani ត្រូវបានសម្លាប់នៅយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក នៅក្នុងតំបន់នៃអាកាសយានដ្ឋានអន្តរជាតិ Baghdad ប្រទេសអ៊ីរ៉ាក់ តាមបញ្ជារបស់អតីតប្រធានាធិបតីអាមេរិក Donald Trump ៕

ប្រែសម្រួលៈ ណៃ តុលា

To Top