ព័ត៌មានអន្តរជាតិ

អាមេរិកអំពាវនាវ ឲ្យធ្វើការគ្រប់គ្រងដោយស៊ីវិល ក្នុងប្រទេសស៊ូដង់ ក្រោយនាយករដ្ឋមន្ត្រីប្រទេសនេះ លាឈប់ពីតំណែង

បរទេស៖ សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានជំរុញឲ្យថ្នាក់ដឹកនាំ នៃប្រទេសស៊ូដង់ ធានាឲ្យមានការគ្រប់គ្រងដោយស៊ីវិល និងបញ្ចប់អំពើហិង្សាលើក្រុមអ្នកតៃវ៉ា ក្រោយលោក Abdalla Hamdok បានលាឈប់ពីតំណែង ជានាយករដ្ឋមន្ត្រី ធ្វើឲ្យការផ្លាស់ប្តូរឆ្ពោះទៅរកការបោះឆ្នោត ធ្លាក់ចូលកាន់តែជ្រៅ ក្នុងភាពមិនច្បាស់លាស់។

នៅក្នុងសារបង្ហោះលើ បណ្ដាញសង្គមធ្វីតធ័រ ការិយាល័យកិច្ចការអាហ្វ្រិក របស់ក្រសួងការបរទេសអាមេរិក បាននិយាយយ៉ាងដូច្នេះថា “ក្រោយការលាឈប់ពីតំណែង របស់លោកនាយករដ្ឋមន្ត្រី Hamdok នោះ ថ្នាក់ដឹកនាំស៊ូដង់ គួរតែបោះចោលការខ្វែងគំនិតគ្នា ស្វែងរកការឯកភាពគ្នា និងធានាបន្តគ្រប់គ្រងដោយស៊ីវិល”។

គួរបញ្ជាក់ថា លោក Hamdok ដែលជាសេដ្ឋកិច្ចវិទូមួយរូប និងជាអតីតមន្ត្រីអង្គការសហប្រជាជាតិ ទទួលបានការគោរពជាខ្លាំង ពីសហគមន៍អន្តរជាតិ បានបម្រើជានាយករដ្ឋមន្ត្រី ក្រោមកិច្ចព្រមព្រៀង បែកចែកអំណាចយោធា-ស៊ីវិល ដែលបានធ្វើឡើង ក្រោយទម្លាក់អតីតមេដឹកនាំ លោក Omar al-Bashir កាលពីឆ្នាំ២០១៩។

លោក Hamdok បានប្រកាសកាលពីថ្ងៃអាទិត្យថា លោកលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រី ក្រោយមិនអាចបង្កើតការឯកភាពគ្នា នាំការផ្លាស់ប្តូរឆ្ពោះទៅមុខបាន ហើយលោកបានស្នើឲ្យមានកិច្ចពិភាក្សាគ្នា ដើម្បីឈានដល់ការធ្វើកិច្ចព្រមព្រៀងថ្មីមួយ សម្រាប់ការផ្លាស់ប្តូរអន្តរកាល ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top