រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានា ធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានលើកឡើងថា ផ្លូវនយោបាយថ្មីមួយត្រូវតែបើកដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួសិង្ហបុរី។
លោក Abbas ត្រូវបានដកស្រង់សម្តីដោយ WAFA ដែលបានឲ្យដឹងនៅចុងបញ្ចប់នៃកិច្ចប្រជុំរយៈពេល ២ថ្ងៃថា ប៉ាឡេស្ទីន “នឹងមិនយល់ព្រមបន្តស្ថិតក្រោមការកាន់កាប់ជារៀងរហូតនោះទេ ហើយការកាន់កាប់ត្រូវតែបញ្ចប់ស្របតាមដំណោះស្រាយអន្តរជាតិ និងក្រោមឆ័ត្ររបស់ Quartet អន្តរជាតិ” នៃក្រុមប្រឹក្សាបដិវត្តន៍គណបក្ស Fatah របស់លោក។
The International Quartet ជាធម្មតាសំដៅទៅលើក្រុមនៃអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសរុស្ស៊ីដែលត្រូវបានបង្កើតឡើងនៅទីក្រុងម៉ាឌ្រីដ ក្នុងឆ្នាំ២០០២ ដើម្បីសម្របសម្រួលដំណើរការសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន។
ក្នុងអំឡុងកិច្ចប្រជុំដែលធ្វើឡើងនៅទីក្រុងរ៉ាម៉ាឡា ភាគខាងលិចប្រទេស ប្រធានាធិបតីអាយុ ៨៦ឆ្នាំរូបនេះ បានប្រកាសថា ក្រុមប្រឹក្សាកណ្តាលប៉ាឡេស្ទីន ដែលជាសភាខ្នាតតូចនៃអង្គការរំដោះប៉ាឡេស្ទីន នឹងបើកកិច្ចប្រជុំដ៏សំខាន់មួយក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ និងចាំបាច់។
លោក Abbas បានលើកឡើងថា “ការសម្រេចចិត្តទាំងនេះ មានគោលបំណងការពារបុព្វហេតុប៉ាឡេស្ទីន និងគុណសម្បត្តិរបស់ជាតិ ដែលនឹងមិនអាចធ្វើការសម្រុះសម្រួលដល់វាបាននោះទេ ទោះបីជាមានតម្លៃបែបណាក៏ដោយ” ។
នៅក្នុងនោះដែរ លោក Abbas បានព្រមានថា ប្រសិនបើអ៊ីស្រាអែល បដិសេធដំណោះស្រាយរដ្ឋពីរ ដែលគាំទ្រដោយពិភពលោកនោះ “ប៉ាឡេស្ទីន នឹងមានកាតព្វកិច្ចទៅរកជម្រើសនយោបាយផ្សេងទៀត”៕