ព័ត៌មានអន្តរជាតិ

លោក ឌូតឺតេ និយាយថានឹងមិនសុំទោស ចំពោះការសម្លាប់ ក្នុងសង្គ្រាមគ្រឿងញៀន

បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ បានមានប្រសាសន៍នៅថ្ងៃអង្គារថា លោកនឹងមិនខុំខមាទោសចំពោះ ការសម្លាប់អ្នកប្រើប្រាស់ និងឈ្មួញគ្រឿងញៀន នៅក្នុងប្រតិបត្តិការប៉ូលិស ក្រោមសង្គ្រាម របស់លោកប្រឆាំង នឹងគ្រឿងញៀន ដែលបង្កការព្រួយបារម្ភ ដល់ក្រុមសិទ្ធិមនុស្ស នោះឡើយ។

ទិន្នន័យរដ្ឋាភិបាល តាមសេចក្តីរាយការណ៍ បង្ហាញថា ជនសង្ស័យគ្រឿងញៀនជាង៦.២០០នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន គិតចាប់តាំងពីលោក ឌូតឺតេ ឡើងកាន់អំណាច នៅក្នុងខែមិថុនា ឆ្នាំ២០១៦ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២១។

តាមការចេញផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា នៅក្នុងសុន្ទរកថាថ្នាក់ជាតិប្រចាំសប្ដាហ៍មួយ លោកប្រធានាធិបតីហ្វីលីពីនរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំនឹងមិនធ្វើការសុំខមាទោសដាច់ខាតចំពោះការសម្លាប់។ បើទោះជាសម្លាប់ខ្ញុំ ដាក់គុកខ្ញុំ ក៏ខ្ញុំមិនសុំខមាទោស”។

គួរបញ្ជាក់ថា ក្រុមសិទ្ធិមនុស្សនិងក្រុមអ្នករិះគន់និយាយថា អ្នកអនុវត្តច្បាប់បានសម្លាប់ជនសង្ស័យគ្រឿងញៀនភ្លាមៗ ប៉ុន្តែប៉ូលិសនិយាយថា អ្នកដែលត្រូវសម្លាប់ទាំងនោះ គឺមានអាវុធក្នុងដៃនិងបានប្រឆាំងនឹងការចាប់ខ្លួន ដោយអំពើហិង្សា៕

ប្រែសម្រួល៖ប៉ាង កុង

To Top