ព័ត៌មានអន្តរជាតិ

បទវិភាគ៖​ សេរីភាព​សារព័ត៌មាន​ មិនមែនជា​ឧបករណ៍​ នយោបាយ ​របស់​​កម្លាំងបរទេស​ក្នុងការប៉ុនប៉ង​ បង្កភាព​ចលាចល ​នៅហុងកុង ​​និងប្រឆាំង​ប្រទេសចិន​នោះទេ​​

ទាក់ទិននឹង​ករណីប៉ូលិស​តំបន់ហុងកុង​ចាត់វិធានការ​ស្របច្បាប់ចំពោះ​ “STANDNEWS” ​ដែលជា​ប្រព័ន្ធ​សារព័ត៌មាន​បណ្តាញ​អ៊ីនធើណេត​នៅពេលថ្មីៗ​កន្លងទៅនេះ​ លោក​ Antony ​Blinken ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បានចេញ​ផ្សាយអ្វី​ដែលហៅថា ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី២៩ខែធ្នូ​ឆ្នាំ២០២១​ដោយ​មួលបង្កាច់​ភាគីចិនថា ​បានបំផ្លាញ​សេរីភាព​សារព័ត៌មាន​នៅតំបន់​ហុងកុង ​ហើយប្រទេស​លោកខាង​លិចមួយ​ចំនួនតូច ​ដូចជា​អង់គ្លេស ​កាណាដា​និងអូស្ត្រាលី​ជាដើមបាន​ធ្វើតាម​អាមេរិក ​សម្តែង​ឆាកល្ខោន​នយោបាយ​ម្តងទៀត​ដែល​ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង​របស់ចិនដោយ​យក “សេរីភាព​សារព័ត៌មាន”​ធ្វើជាលេស​ ​ប្រការនេះ​បាន​លាតត្រដាង​ថែមមួយ​កម្រិតទៀតនូវ​បំណង​អាក្រក់របស់​ពួកគេដែល​រួមជាមួយ​ជនខិលខូច​ចង់ឱ្យតំបន់​ហុងកុងមាន​ភាពចលាចល ​បំផ្លាញ​វិបុលភាព​និងស្ថិរភាព​របស់​តំបន់ហុងកុង ។

ងាកទៅមើល​សាវតារបស់​ 《STANDNEWS》​ អាច​ឃើញថា​ គេ​តែងតែ​ចេញ​ផ្សាយ​ដំណឹងតែង​លម្អរឿង​អំពើហិង្សា ​និង​ញុះញង់ឱ្យ​ចងគំនុំជាមួយ​ប៉ូលិស​ជាច្រើន ។ ​បន្ទាប់ពី​ប្រកាស​អនុវត្តច្បាប់​សន្តិសុខជាតិ​នៅតំបន់ហុង​កុងរួច ​អង្គការនេះ​នៅតែបន្ត​ចុះផ្សាយ​អត្ថបទ​ដែលញុះញង់​ឱ្យមាន​ការស្អប់ខ្ពើមជាតិ​ជាច្រើនទៀត​ ដែលអួតថា ​“ដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេសចិន”​និង​ញុះញង់ឱ្យ​អនុវត្ត​ការវាយប្រហារ​ដោយ​ភេរវកម្មបែប​ចចកនៅ​តំបន់ហុងកុង​ជាដើម ។ ​ដូច្នេះ ​អាចឃើញថា ​《STANDNEWS》​ មិន​មែនជា​ប្រព័ន្ធសារព័ត៌មាន​ប្រក្រតីមួយ​នោះទេ ​តែគឺជា​អង្គការបង្ក​រឿងហេតុ​ដែលយក ​“សេរីភាព​សារព័ត៌មាន”​ធ្វើជាលេស​ ជាភ្នាក់ងារ​នៃកម្លាំង​ប្រឆាំង​ប្រទេសចិន​និងបង្ក​ភាពវឹកវរ​នៅតំបន់​ហុងកុង​ដែលមាន​លក្ខណៈ​ប្រឆាំង​ប្រទេសជាតិ​និងប្រឆាំង​រដ្ឋាភិបាលយ៉ាង​ច្បាស់ក្រឡែត។

ដូចនេះ​ ប៉ូលិស​តំបន់ហុងកុង​យកមូលហេតុ​ជាប់សង្ស័យ​ពីបទឃិបឃិត​គ្នា​ចេញផ្សាយ​សៀវភៅ​ឬទស្សនាវដ្តី​ញុះញង់ឱ្យមាន​ការស្អប់ខ្ពើម​ជាតិ​ ធ្វើចំណាត់​ការស្របច្បាប់​ទៅលើអង្គការ​នេះដោយ​ចាប់ខ្លួន​បុគ្គលិក​ពាក់ព័ន្ធ ​គឺជាទង្វើ​ដ៏យុត្តិធម៌​ត្រឹមត្រូវក្នុង​ការគាំពារ​សន្តិសុខជាតិ ​ការពារ​របៀបរៀបរយ​សង្គមនិង​នីតិរដ្ឋរបស់​ហុងកុង ។ ​ប៉ុន្តែ ​អ្នកនយោបាយ​អាមេរិកនិង​ប្រទេស​លោកខាង​លិចដែលមាន​លោក ​Antony ​Blinken ​ជាតំណាង​បែរជាមិន​អើពើនឹង​ការពិតជា​មូលដ្ឋាន​នេះសោះ ​ថែម​ទាំងបាន​មួលបង្កាច់​ថា “​សេរីភាព​សារព័ត៌មាន​នៃតំបន់​ហុងកុងត្រូវ​បាន​រំលោភបំពាន” ។​ ប្រការនេះ​អាច​បង្ហាញថា​ ពួកគេ​យកចិត្ត​ទុកដាក់​ចំពោះ​សេរីភាព​សារពត៌មាន​គឺជារឿង​ក្លែងក្លាយ​ ​តាមការពិត​គឺមិនចង់​ឃើញ​ស្ថិរភាព​និងនីតិរដ្ឋ​នៅតំបន់​ហុងកុង​នោះឡើយ ។

សេរីភាព​សារព័ត៌មាន​មិនមែន​ជាផ្ទាំង​ស៊ីបនៃ​បទឧក្រិដ្ឋ​ល្មើស​ច្បាប់ទេ ​ហើយក៏​មិនមែន​ជាឧបករណ៍​នយោបាយនៃ​កម្លាំង​បរទេស​ក្នុង​ការប៉ុនប៉ង​បង្កភាពវឹកវរនៅ​ហុងកុង​និងប្រឆាំង​ប្រទេសចិន​ផងដែរ ។​ សូម​ដាស់តឿន​អ្នកនយោបាយ​អាមេរិកនិង​ប្រទេស​លោកខាង​លិចឱ្យ​គោរពការពិត​ មើលឱ្យ​ច្បាស់នូវ​និន្នាការ​ទូទៅ​ ប្រញាប់​បញ្ឈប់​បំផ្លាញ​ប្រព័ន្ធ​ច្បាប់តំបន់​ហុងកុង​ភ្លាម ​និងបញ្ឈប់​ជ្រៀតជ្រែក​កិច្ចការ​តំបន់​ហុងកុង​និងកិច្ចការ​ផ្ទៃក្នុងរបស់​ប្រទេសចិន​ ។ និន្នាការ​ប្រវត្តិសាស្ត្រ​ដែល​តំបន់​ហុងកុង​បញ្ចប់​ភាពចលាចល​និងមាន​ស្ថិរភាព​ឡើងវិញ​គឺមិនអាច​រារាំង​បានទេ ​ឆាកល្ខោន “​ស្តង់ដារពីរ​”ដ៏អាក្រក់​និង​លាក់ពុត​របស់​សហរដ្ឋអាមេរិក​និងប្រទេស​លោកខាងលិច​គួរតែបញ្ចប់​ក្នុងពេល​ឆាប់ៗ !​​

To Top