ព័ត៌មានអន្តរជាតិ

ណាតូ នឹងរៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស ជុំវិញរឿងអ៊ុយក្រែន

បរទេស៖ អង្គការសម្ពន្ធមិត្ត យោធាណាតូ បានប្រកាសនៅថ្ងៃអង្គារនេះថា សម្ពន្ធមិត្តនឹងប្រារព្ធធ្វើកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មកពីប្រទេសសមាជិក ទាំង៣០ នៅក្នុងសប្ដាហ៍នេះ ដើម្បីធ្វើការវាយតម្លៃពីស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន និងកិច្ចពិភាក្សាខាងមុខជាមួយនឹងប្រទេសរុស្ស៊ី។


តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ABC News បានឲ្យដឹងថា កិច្ចប្រជុំវិសាមញ្ញរបស់សមាជិកអង្គការសម្ពន្ធមិត្តយោធា នៅថ្ងៃសុក្រនោះ នឹងចាប់ផ្តើមក្រោយមួយសប្ដាហ៍នៃការចរចាតាមបែបការទូតដ៏តានតឹង ជុំវិញការប្រមូលផ្តុំយោធារុស្ស៊ី នៅតាមព្រំដែនរបស់ប្រទេសអ៊ុយក្រែន និងគោលគំនិតបន្ថយភាពតានតឹង រវាងសត្រូវសង្គ្រាមត្រជាក់។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានព្រមានដល់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីនថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងដាក់ទណ្ឌកម្មថ្មីលើទីក្រុងមូស្គូ ប្រសិនបើធ្វើសកម្មភាពយោធាបន្ថែមទៀតលើអ៊ុយក្រែន ហើយលោក ពូទីន បានឆ្លើយតបថា ការធ្វើបែបនោះរបស់អាមេរិក អាចនឹងនាំទៅរកការកាត់ផ្តាច់ចំណងមិត្តភាពទាំងស្រុងរវាងប្រទេសទាំងពីរ។

មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាដោយស្មោះត្រង់ អស់រយៈពេលជិត១ម៉ោង កាលពីសប្ដាហ៍មុន ស្របពេលដែលមានក្តីព្រួយបារម្ភកើនឡើងជុំវិញការប្រមូលផ្តុំយោធារុស្ស៊ី នៅជិតប្រទេសអ៊ុយក្រែន ជាវិបត្តិមួយដែលធ្លាក់ចុះកាន់តែជ្រៅ ស្របពេលដែលវិមានក្រឹមឡាំង ពង្រឹងការទទូចឲ្យមានការធានាសន្តិសុខ និងបានបាញ់តេស្តមីស៊ីលលឿនជាងសម្លេង ដើម្បីបញ្ជាក់ពីការទាមទាររបស់ខ្លួន៕

ប្រែសម្រួល៖ប៉ាង កុង

To Top