ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី លីទុយអានី ៖ ការបើកការិយាល័យ តៃវ៉ាន់ គឺជាកំហុស

បរទេស ៖ ការធ្វើចំណាត់ការសងសឹក របស់ទីក្រុងប៉េកាំង ទៅលើការបើកការិយាល័យ តំណាង របស់តៃវ៉ាន់មួយ នៅក្នុងប្រទេសលីទុយអានី បានធ្វើឲ្យប្រធានាធិបតី លីទុយអានី លោក Gitanas Nauseda មានប្រសាសន៍នៅថ្ងៃអង្គារ សប្ដាហ៍នេះថា ការអនុញ្ញាត ឲ្យមានការិយាល័យតំណាង ក្រោមឈ្មោះ របស់តៃវ៉ាន់ គឺជាកំហុសមួយ ។

ប្រទេសលីទុយអានី បានប្រឈមមុខនឹងសម្ពាធនិងចំណាត់ ការដាក់ពិន័យ ពីប្រទេសចិន សម្រាប់ការបើកការិយាល័យ តំណាងតៃវ៉ាន់ នៅក្នុងប្រទេសលីទុយអានី កាលពីក្នុងខែតុលា នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារ ព័ត៌មាន UPI នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ។

ការិយាល័យតំណាងនោះ គឺជាទីតាំងការទូតថ្មីដំបូង ក្នុងរយៈពេល១៨ឆ្នាំសម្រាប់តៃវ៉ាន់ ដែលប្រទេសចិន អះអាងថាជាទឹកដីរបស់ខ្លួន ប៉ុន្តែការបើកការិយាល័យនោះ មានឥទ្ធិពលខ្លាំងក្លាលើចំណងមិត្តភាព លីទុយអានីជាមួយចិន នេះបើតាមសម្តី លោក Nauseda នៅក្នុងបទសម្ភាសន៍មួយតាមវិទ្យុ និងទូរទស្សន៍លីទុយអានី ។

គួរបញ្ជាក់ថា ប្រទេសចិន បានកោះហៅត្រឡប់វិញ នូវឯកអគ្គរដ្ឋទូតខ្លួនប្រចាំនៅប្រទេសលីទុយអានី បណ្ដេញឯកអគ្គរដ្ឋទូត លីទុយអានី ចេញពីទីក្រុងប៉េកាំង ផ្អាកសេវាកម្មរថភ្លើងដឹកទំនិញ ដោយត្រង់ និងហាមឃាត់មិនឲ្យផលិតផល លីទុយអានី ចូលទៅក្នុងទីផ្សារចិន ៕ ប្រែសម្រួល៖ប៉ាង កុង

To Top