បរទេស ៖ មន្ត្រីណាតូមួយរូប បាននិយាយនៅថ្ងៃអង្គារថា អគ្គលេខាធិការ អង្គការសម្ពន្ធមិត្ត យោធាណាតូ លោក Jens Stoltenberg បានគ្រោងរៀបចំកិច្ចប្រជុំពិសេសមួយ រវាងឯកអគ្គរដ្ឋទូតសម្ពន្ធមិត្ត និងក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ី នៅក្នុងសប្ដាហ៍ក្រោយ ស្របពេលដែលភាគីទាំងពីរ ស្វះស្វែងឲ្យមានកិច្ចពិភាក្សាគ្នាទប់ស្កាត់មិនឲ្យមានជម្លោះដោយចំហ ជុំវិញបញ្ហាអ៊ុយក្រែន ។
ដោយព្រួយបារម្ភ ចំពោះការប្រមូលផ្តុំយោធារុស្ស៊ី នៅតាមព្រំដែនអ៊ុយក្រែន សម្ពន្ធមិត្តយោធា របស់លោកខាងលិច នាពេលបច្ចុប្បន្ននេះ កំពុងតែស្វះស្វែងឲ្យមានកិច្ចប្រជុំមួយរវាងក្រុមប្រឹក្សាណាតូ-រុស្ស៊ី អស់រយៈពេលជាច្រើនខែ ប៉ុន្តែវេទិកានេះហាក់គ្មានលទ្ធផល បន្ទាប់ពីមានជម្លោះអំពីរឿង ចារកម្ម កាលពីក្នុងខែតុលា ។
តាមសេចក្តីរាយការណ៍ កិច្ចប្រជុំក្រុមប្រឹក្សា ដែលជាទម្រង់មួយដែលត្រូវបានប្រើប្រាស់សម្រាប់កិច្ចពិភាក្សាគ្នា តាំងពីឆ្នាំ២០០២មកនោះ នឹងប្រព្រឹត្តធ្វើឡើងនៅក្នុងទីក្រុងព្រួចសែល នាថ្ងៃទី១២ ខែមករា ក្រោយមន្ត្រីអាមេរិកនិងរុស្ស៊ី ប្រារព្ធធ្វើកិច្ចពិភាក្សាសន្តិសុខនៅថ្ងៃទី១០ ខែមករាខាងមុខនេះ។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ មន្ត្រីការទូតជាន់ខ្ពស់សហភាពអឺរ៉ុប លោក Josep Borrell បានធ្វើដំណើរតាមយន្តហោះទៅប្រទេសអ៊ុយក្រែន សម្រាប់ដំណើរ ទស្សនកិច្ច រយៈពេល២ថ្ងៃ បង្ហាញពីការគាំទ្រ ដល់អ៊ុយក្រែន ដែលមានបំណងចង់ចូល រួមជាសមាជិក របស់សហភាពអឺរ៉ុប និងអង្គការសម្ពន្ធមិត្ត ណាតូ៕
ប្រែសម្រួល៖ប៉ាង កុង