ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងចូលក្នុងសមុទ្រ នាំឲ្យប្រទេសជិតខាង ខឹងសម្បារយ៉ាងខ្លាំង

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង ដែលសង្ស័យចូលទៅក្នុងសមុទ្រ ពីឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសខ្លួន ដែលជាការបាញ់បង្ហោះលើកដំបូង ចាប់តាំងពីខែតុលកន្លងមកនេះ ។ គ្រាប់មីស៊ីលនេះបានធ្លាក់ ក្នុងទឹកនៅចន្លោះឧបទ្វីបកូរ៉េ និងជប៉ុន ដែលនាំមកនូវការថ្កោលទោស ពីទីក្រុងសេអ៊ូល និងតូក្យូ ។

អង្គការសហប្រជាជាតិ បានធ្វើការហាមឃាត់កូរ៉េខាងជើង ពីការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ។

មេដឹកនាំ គីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងការការពារ របស់កូរ៉េខាងជើង។ ប្រទេសនេះបានសាកល្បង បាញ់គ្រាប់មីស៊ីល ជាច្រើនប្រភេទកាលពីឆ្នាំមុន ចំពេលមានការជាប់គាំង កិច្ចចរចាជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។

ការបាញ់បង្ហោះចុងក្រោយបង្អស់ ដែលជាលើកដំបូងចាប់តាំង ពីសុន្ទរកថាចូលឆ្នាំថ្មី ដែលលោក គីម បានធ្វើការកំណត់អាទិភាព គោលនយោបាយសម្រាប់ឆ្នាំ២០២២ ត្រូវបានរាយការណ៍ជាលើកដំបូង ដោយឆ្មាំឆ្នេរសមុទ្រជប៉ុន នៅព្រឹកថ្ងៃពុធ មុនពេលត្រូវបានបញ្ជាក់ ដោយអាជ្ញាធរការពារជាតិ នៅទីក្រុងសេអ៊ូល ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top