បរទេស៖ ស្ថានការណ៍ក្នុងប្រទេសកាហ្សាក់ស្ថាន កាន់តែយ៉ាប់យ៉ឺនកាលពីថ្ងៃពុធ នៅពេលដែលក្រុមកុប្បកម្មនៅទីក្រុង Almaty បានសម្រុកចូលការិយាល័យអភិបាលក្រុង និងលំនៅដ្ឋានអតីតប្រធានាធិបតី ហើយបានវាយប្រហារកងកម្លាំងប៉ូលិស។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លេខាធិការដ្ឋាននៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្លុកនេះកំពុងបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់ប្រទេសកាហ្សាក់ស្ថាន ហើយថា អង្គភាពជាច្រើនកំពុងបំពេញភារកិច្ចរបស់ពួកគេរួចហើយនៅក្នុងប្រទេស។
សេចក្តីថ្លែងការណ៍ផ្លូវការមួយបានអានថា “នៅពេលនេះផ្នែកនៃកងរក្សាសន្តិភាពរបស់រុស្ស៊ី កំពុងត្រូវបានផ្ទេរទៅកាន់ទឹកដីនៃប្រទេសកាហ្សាក់ស្ថានដោយកងកម្លាំងអាកាសរុស្ស៊ី។ អង្គភាពដំបូងនៃកងកម្លាំងបានចាប់ផ្តើមអនុវត្តភារកិច្ចរបស់ពួកគេរួចហើយ” ។
យោងតាម CSTO កងកម្លាំងនឹងការពារមូលដ្ឋានយោធា និងការទំនាក់ទំនងរដ្ឋ ក៏ដូចជាជួយប៉ូលិសក្នុងការទប់ស្កាត់ភាពចលាចលនេះ។ CSTO ក៏បាននិយាយដែរថា កងកម្លាំងរក្សាសន្តិភាពរួមមានទាហានអាកាសរុស្ស៊ី។
សូមជម្រាបថា ការតវ៉ាទ្រង់ទ្រាយធំក្នុងប្រទេសកាហ្សាក់ស្ថាន បានផ្ទុះឡើងដោយសារតែការឡើងថ្លៃប្រេងសាំង នៅដើមខែនេះ។ ពួកគេបានចាប់ផ្តើមនៅក្នុងទីក្រុង Zhanaozen និង Aktau ហើយក្រោយមកបានរីករាលដាលពាសពេញប្រទេស។ នៅទីក្រុង Almaty ដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ប្រទេសនេះ កុប្បកម្មដ៏ហឹង្សាមួយបានផ្ទុះឡើង ដោយមានហ្វូងមនុស្សបានវាយទៅលើមន្ត្រីប៉ូលីស និងបានសម្រុកចូលការិយាល័យអភិបាលក្រុង និងលំនៅដ្ឋានអតីតប្រធានាធិបតី៕
ប្រែសម្រួលៈ ណៃ តុលា