ព័ត៌មានអន្តរជាតិ

ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង ៣០០លាននាក់

វ៉ាស៊ីនតោន ៖ ករណីឆ្លងជំងឺកូវីដ-១៩ ទូទាំងសកលលោកបានកើនឡើង ដល់ជាង ៣០០លាននាក់ កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោង តាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធ និងវិស្វកម្មនៅសាកលវិទ្យាល័យ Johns Hopkins ។

សហរដ្ឋអាមេរិកបានរាយការណ៍ថា មានករណីឆ្លង ចំនួន ៥៨,៤៤៩,៨៩៨ករណី និងការស្លាប់ចំនួន ៨៣៣,៩៥៧នាក់ ដែលជាចំនួនខ្ពស់បំផុត ជុំវិញពិភពលោក ដែលស្មើនឹងជាង ១៩ភាគរយនៃករណី ទូទាំងពិភពលោក និងច្រើនជាង ១៥ ភាគរយនៃការស្លាប់ទូទាំងពិភពលោក។

ករណីផ្ទុកមេរោគជាសាកល បានឈានដល់កម្រិតដ៏អាក្រក់បំផុតចំនួន ១០០លានករណីនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ និងបានកើនឡើងដល់ ២០០លានករណីនៅថ្ងៃទី០៤ ខែសីហា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោកស្រី Maria van Kerkhove អ្នកដឹកនាំបច្ចេកទេស សម្រាប់កម្មវិធីគ្រាអាសន្ន សុខភាព របស់អង្គការសុខភាពពិភពលោក បានលើកឡើងថា វ៉ាក់សាំងជំងឺកូវីដ-១៩ បច្ចុប្បន្នមានប្រសិទ្ធភាព ប្រឆាំងនឹងគ្រប់ទម្រង់ឆ្លង ដែលកំពុងចរាចរ ហើយមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារជំងឺធ្ងន់ធ្ងរ និងការស្លាប់ ។

លោកស្រី បានបញ្ជាក់បន្ថែមថា “ខ្ញុំគិតថាវាពិតជាមានសារៈសំខាន់ សម្រាប់សាធារណជន ក្នុងការយល់ដឹង នៅពេលដែលវាដល់វេន របស់អ្នក ចាក់វ៉ាក់សាំង ព្រោះវាពិតជាមានសារៈសំខាន់ណាស់” ៕

To Top