Covid-19

WHO៖ វ៉ាក់សាំងចិន ដើរតួនាទីសំខាន់ ក្នុងការបង្កើនភាពស៊ាំ និងសង្គ្រោះជីវិតមនុស្ស នៅទូទាំងពិភពលោក

ហ្សឺណែវ៖ មន្ត្រីជាន់ខ្ពស់អង្គការ សុខភាពពិភពលោក (WHO) បានឲ្យដឹងថា វ៉ាក់សាំង Sinopharm និង Sinovac ជាង ១៨០លានដូស ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចំនួន ៤៩ តាមរយៈកម្មវិធី COVAX ដែលដើរតួជាសកលដ៏សំខាន់ ក្នុងការបង្កើនភាពស៊ាំ និងការជួយសង្គ្រោះជីវិតមនុស្ស។

លោក Bruce Aylward ទីប្រឹក្សាជាន់ខ្ពស់របស់អគ្គនាយក WHO បានលើកឡើងថា វ៉ាក់សាំងរបស់ចិន ទាំងពីរបានស្មើនឹងជិត ២០ភាគរយនៃវ៉ាក់សាំងសរុប ដែលត្រូវបានដឹកជញ្ជូនតាមរយៈ COVAX ដែលជាគំនិតផ្តួចផ្តើមវ៉ាក់សាំងអន្តរជាតិ ដែលដឹកនាំដោយ WHO ។

ទាំងវ៉ាក់សាំង Sinopharm និង Sinovac ត្រូវបានបញ្ជាក់ដោយ WHO’s Emergency Use Listing ក្នុងឆ្នាំ២០២១ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ តួលេខផ្លូវការបង្ហាញថា COVAX បានដឹកជញ្ជូន ៩៥៩លានដូសទៅ ១៤៤ប្រទេស នៅទូទាំងពិភពលោក។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងល្បឿននៃការចាក់វ៉ាក់សាំង នាពេលបច្ចុប្បន្ន ប្រទេសចំនួន ១០៩ នឹងនៅតែមិនអាចចាក់វ៉ាក់សាំង បានពេញលេញដល់ ៧០ភាគរយនៃចំនួនប្រជាជន របស់ពួកគេនៅត្រឹមដើមខែកក្កដា ឆ្នាំ២០២២ ដូចដែលបានជំរុញដោយ WHO នេះបើតាមអគ្គនាយក អង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃព្រហស្បតិ៍។

លោកបានបន្ថែមថា វ៉ាក់សាំង និងវិសមភាពសុខភាពគឺជា ការបរាជ័យដ៏ធំបំផុតក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីឆ្នាំមុន។

លោកបានបន្ថែមថា កត្តាទាំងនេះគឺជា “ឃាតករសម្លាប់មនុស្ស និងការងារ” ហើយបានធ្វើឱ្យខូចដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ដោយលោកបានកត់សម្គាល់ថា “ការជំរុញបន្ទាប់ពីការជំរុញ នៅក្នុងប្រទេសមួយចំនួនតូច នឹងមិនបញ្ចប់ជំងឺរាតត្បាតនោះទេ ខណៈដែលមនុស្សរាប់ពាន់លាននាក់ នៅតែមិនអាចការពារបានទាំងស្រុង” ។

កាលពីថ្ងៃព្រហស្បតិ៍ផងដែរ នាយកប្រតិបត្តិនៃកម្មវិធីសង្គ្រោះបន្ទាន់ ផ្នែកសុខភាពរបស់ WHO លោក Mike Ryan បានលើកឡើងថា មិនមានការកើនឡើង ហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងានៅទីក្រុងប៉េកាំង នាពេលខាងមុខនោះទេ ដោយសារវិធានការបង្ការ របស់អាជ្ញាធរចិន មានភាពតឹងរ៉ឹងខ្លាំង ៕

ដោយ ឈូក បូរ៉ា

To Top