បរទេស៖ យោងតាមអាជ្ញាធរកាហ្សាក់ស្ថាន គឺមន្ត្រីឆ្មាំជាតិជាច្រើននាក់ ត្រូវបានសម្លាប់ ហើយជាង ២០០នាក់បានរងរបួស ចំពេលមានកុបកម្មដ៏ធំដែលបាន វាយប្រហារប្រទេសនេះ ក្នុងរយៈពេលមួយសប្តាហ៍។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokaev បាននិយាយនៅថ្ងៃសុក្រថា លោកបានបញ្ជាឱ្យយោធា និងសេវាអនុវត្តច្បាប់ ប្រើប្រាស់កម្លាំងដ៏ខ្លាំងក្លាបំផុត ប្រឆាំងនឹងភេរវករ ដើម្បីបើកការបាញ់ប្រហារ ដោយមិនចាំបាច់ព្រមាន។

លោក Tokaev បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយទៅកាន់ ប្រទេសជាតិថា “ខ្ញុំបានបញ្ជាឱ្យភ្នាក់ងារអនុវត្តច្បាប់ និងកងទ័ពបើកការបាញ់ប្រហារ ដើម្បីសម្លាប់ដោយគ្មានការព្រមាន” ។
យោងតាមលោក Tokaev គឺ យ៉ាងហោចណាស់ខ្មាន់កាំភ្លើង ២០ ០០០ នាក់បានវាយប្រហារទីក្រុង Almaty ។ លោកបាននិយាយថា កុប្បកម្មប្រដាប់អាវុធ ត្រូវបានបណ្តុះបណ្តាល និងសម្របសម្រួលដោយមជ្ឈមណ្ឌលមួយ ហើយពួកភេរវករនឹងត្រូវលុបបំបាត់ ប្រសិនបើពួកគេបដិសេធ មិនព្រមចុះចាញ់ ៕
ប្រែសម្រួលៈ ណៃ តុលា
