បរទេស៖ រដ្ឋាភិបាលអ៊ីរ៉ង់ នៅពេលថ្មីៗនេះ បាននិយាយថា ខ្លួនបានត្រៀមលក្ខណៈដើម្បីប្រារព្ធធ្វើ កិច្ចពិភាក្សាទ្វេភាគី ជាមួយប្រទេសនានាដែលមានពលរដ្ឋខ្លួន ស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ ធ្លាក់យន្តហោះ ដឹកអ្នកដំណើរ អ៊ុយក្រែន មួយគ្រឿង កាលពីឆ្នាំ២០២០ នៅជិតទីក្រុងតេអេរ៉ង់។
ជើងហោះហើរ Flight PS752 របស់ក្រុមហ៊ុនអាកាសចរណ៍ អន្តរជាតិ អ៊ុយក្រែន បានជួបគ្រោះថ្នាក់ធ្លាក់ ក្រោយហោះហើរបានបន្តិច កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីប្រព័ន្ធការពារ ដែនអាកាស អ៊ីរ៉ង់ បាញ់ទម្លាក់ ហើយក្នុងហេតុការណ៍ គ្រោះថ្នាក់នោះ ស្លាប់មនុស្សចំនួន១៧៦នាក់ ភាគច្រើនមកពីប្រទេសអ៊ីរ៉ង់និងកាណាដា រួមទាំងពលរដ្ឋអ៊ុយក្រែន អង់គ្លេស ស៊ុយអែត និងអាល្លឺម៉ង់ផងដែរ។
សម្រាប់ការបាញ់ទម្លាក់នោះ អ៊ីរ៉ង់បាននិយាយថា ជាកំហុសបច្ចេកទេសរបស់មនុស្ស ដោយនិយាយថា អ្នកប្រតិបត្តិការប្រព័ន្ធការពារដែនអាកាស កំណត់អត្តសញ្ញាណយន្តហោះខុស ដោយថាវាជាការគម្រាមកំហែងមួយ ក្រោយយោធាអាមេរិក បានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ លោក Qassem Soleimani កាលពីដើមខែនោះ។
ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា ខ្លួនបើកចិត្តប្រារព្ធធ្វើកិច្ចពិភាក្សាទ្វេភាគី ជាមួយបណ្ដាប្រទេស ដែលមានជនរងគ្រោះ ប៉ុន្តែថា ប្រទេសនានាបានព្យាយាមកេង យកប្រយោជន៍ ពីឧបទ្ទវហេតុដ៏ឈឺចាប់នេះ ដើម្បីជំរុញរបៀបវារៈបែបនយោបាយ៕
ប្រែសម្រួល៖ប៉ាង កុង