បរទេស៖ អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃសៅរ៍នេះថា ខ្លួននឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នានៅក្នុងប្រទេសស៊ូដង់ ដោយមានគោលដៅស្តារឡើងវិញ នូវអន្តរកាល លទ្ធិប្រជាធិបតេយ្យ ដ៏ផុយស្រួយ ស្របពេលមានការជាប់គាំង ក្រោយរដ្ឋប្រហារខែតុលា និងការលាឈប់ពីតំណែង របស់លោកនាយករដ្ឋមន្ត្រីកាលពីសប្ដាហ៍មុន។
លោក Volker Perthes ប្រេសិតអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការស៊ូដង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរការនយោបាយសម្របសម្រួលដោយអង្គការសហប្រជាជាតិ នឹងស្វះស្វែងរកផ្លូវដ៏ស្ថិតថេរមួយឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនិងសន្តិភាព នៅក្នុងប្រទេស ប៉ុន្តែនៅពេលភ្លាមៗនេះ នៅមិនទាន់ច្បាស់ទេថា ពេលណាកិច្ចពិភាក្សាគ្នានោះនឹងចាប់ផ្តើម។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន abc News នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “វាជាពេលត្រូវបញ្ចប់អំពើហិង្សា និងចូលក្នុងដំណើរការស្ថាបនាឡើងវិញ ហើយដំណើរការនេះ នឹងរួមបញ្ចូលគ្នា”។
គួរបញ្ជាក់ថា រដ្ឋប្រហារនាថ្ងៃទី២៥ ខែតុលា បានបំផ្លាញក្តីសង្ឃឹមចំពោះអន្តរកាលសន្តិភាពឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសស៊ូដង់ ក្រោយរយៈពេលជាង២ឆ្នាំបន្ទាប់ពីមានការបះបោរបង្ខំឲ្យយោធាផ្តួលរំលំមេដឹកនាំផ្តាច់ការដ៏យូរអង្វែង គឺលោក Omar al-Bashir និងរដ្ឋាភិបាលឥស្លាមរបស់លោក នៅក្នុងខែមេសា ឆ្នាំ២០១៩៕
ប្រែសម្រួល៖ប៉ាង កុង