បរទេស៖ មន្ត្រីតំណាងជំនួញ សហរដ្ឋអាមេរិក លោកស្រី Katherine Tai នៅថ្ងៃសុក្រសប្ដាហ៍នេះ បានបង្ហាញនូវការគាំទ្រ ដ៏ខ្លាំងក្លា របស់អាមេរិក ចំពោះប្រទេសលីទុយអានី និងសហភាពអឺរ៉ុប ក្នុងទីចំពោះមុខ នៃការដាក់សម្ពាធ សេដ្ឋកិច្ចពីចិន នៅក្នុងអំឡុងកិច្ចសន្ទនា តាមទូរស័ព្ទមួយ ជាមួយអនុប្រធាន សហភាពអឺរ៉ុប លោក Valdis Dombrovskis។
តាមសេចក្តីរាយការណ៍មួយ ដែលចេញលផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ការបង្ហាញនូវការគាំទ្រ ចំពោះប្រទេសលីទុយអានីនេះ គឺជាលើកទី២ នៅក្នុងសប្ដាហ៍នេះពីលោកស្រី Katherine Tai ដែលធ្លាប់បានធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis កាលពីថ្ងៃពុធ។
គួរបញ្ជាក់ថា ប្រទេសលីទុយអានី កំពុងស្ថិតក្រោមសម្ពាធពីប្រទេសចិន ដែលអះអាងកោះតៃវ៉ាន់កាន់លទ្ធិប្រជាធិបតេយ្យ ថាជាទឹកដីរបស់ខ្លួននោះ ដើម្បីសងសឹកចំពោះការសម្រេចចិត្តកាលពីឆ្នាំមិញ ដែលអនុញ្ញាតឲ្យតៃវ៉ាន់បើកស្ថានទូតតំណាង នៅក្នុងទីក្រុង Vilnius។
ប្រទេសចិន បានកោះហៅឯកអគ្គរដ្ឋទូតខ្លួនប្រចាំនៅលីទុយអានី ឲ្យវិលត្រឡប់ទៅប្រទេសវិញ និងបានកាត់បន្ថយចំណងមិត្តភាពការទូត ព្រមទាំងកំពុងតែដាក់សម្ពាធលើក្រុមហ៊ុននានា ដូចជាក្រុមហ៊ុនគ្រឿងបន្លាស់រថយន្តខ្នាតយក្សអាល្លឺម៉ង់ Continental ជាដើម ឲ្យឈប់ប្រើប្រាស់គ្រឿងផ្សំផលិតដោយលីទុយអានី ក្រៅពីនោះ ក៏បានរារាំងមិនឲ្យទំនិញលីទុយអានីចូលទៅក្នុងប្រទេសចិនផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង