បរទេស៖ ប្រជាជនក្នុងប្រទេសថៃ កំពុងត្រូវបានជំរុញឱ្យប្តូរ ទៅចិញ្ចឹមមាន់ ក្នុងគោលបំណងដោះស្រាយ ការខ្វះខាតសាច់ជ្រូក ការកើនឡើងតម្លៃ និងដើម្បីជួយកសិករចិញ្ចឹម បសុបក្សី ទូទាំងប្រទេស។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Somboon Watcharapongpun ប្រធានសមាគមអ្នកចិញ្ចឹមមាន់ថៃបាននិយាយថា ការកាត់បន្ថយតម្រូវការគឺជាមធ្យោបាយមួយទៀតក្នុងការដោះស្រាយវិបត្តិតម្លៃកើនឡើង។
លោកបានបន្តថា «មាន់មានជីវជាតិដូចសាច់ជ្រូក ងាយស្រួលចិញ្ចឹម ហើយអាចរកទិញបានគ្រប់ទីកន្លែង។ ការជំរុញតម្រូវការរបស់សាច់មាន់ ក៏នឹងជួយដល់កសិករចិញ្ចឹមមាន់ជាង ១០ ០០០ នាក់នៅទូទាំងប្រទេស”។
លោក Somboon បន្ថែមថា ចំណាត់ការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយពន្ធនាំចូលលើចំណីសត្វ គឺជាភាពធូរស្រាលដែលទទួលបានការស្វាគមន៍ ពីព្រោះកសិករត្រូវចំណាយប្រាក់ខ្ពស់ក្នុងរយៈពេលយូរ។ ទោះយ៉ាងណាលោកថា តម្លៃចំណីសត្វដែលផលិតក្នុងស្រុកក៏ឡើងថ្លៃដែរ ព្រោះរដ្ឋាភិបាលបាននិងកំពុងរក្សាតម្លៃកសិផលឡើងថ្លៃ៕
ប្រែសម្រួលៈ ណៃ តុលា