បរទេស៖ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានបន្ថែមអតីតមន្ត្រីអាមេរិក ព្រមទាំងមន្ត្រីនិងថ្នាក់ដឹកនាំ យោធាអាមេរិក បច្ចុប្បន្នជាច្រើននាក់ ក្នុងបញ្ជីទណ្ឌកម្ម នៅក្នុងដំណើរសងសឹកមួយ ចំពោះការធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់ លោក Qassem Soleimani។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយប្រាប់ថា មន្ត្រីចំនួន៥១នាក់ ដែលភាគច្រើនមកពីមន្ទីរបញ្ចកោណ និងអង្គភាពយោធាផ្សេងទៀត គឺត្រូវបានដាក់បន្ថែមទៅក្នុងបញ្ជី ពីបទរំលោភបំពានសិទ្ធិមនុស្ស សកម្មភាពផ្សងព្រេង និងការប្រព្រឹត្តអំពើភេរវកម្ម។
តាមសេចក្តីរាយការណ៍ ប្រទេសអ៊ីរ៉ង់បាននិយាយថា មន្ត្រីអាមេរិកបានដើរតួនាទីក្នុងទង្វើភេរវកម្មរបស់សហរដ្ឋអាមេរិក លើលោកឧត្តមសេនីយ៍ Ghasem Soleimani និងក្រុមការងាររបស់លោក ក្នុងដំណើរលើកតម្កើងអំពើភេរវកម្មនិងការរំលោភសិទ្ធិមនុស្សមូលដ្ឋាន។
បញ្ជីទណ្ឌកម្ម ដែលចែករំលែកដោយ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់នោះ រួមមានទាំងលោកឧត្តមសេនីយ៍ Mark Milley ជាប្រធានអគ្គសេនាធិការចម្រុះ អតីតទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Robert O’Brien និងអតីតឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំ នៅអង្គការសហប្រជាជាតិ លោក Nikki Haley៕
ប្រែសម្រួល៖ប៉ាង កុង