បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា លោកនឹងស្វែងរក “ការបញ្ជាក់” អំពីមូលហេតុដែលប្រទេស កាហ្សាក់ស្ថាន ស្វែងរកជំនួយពីអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដែលដឹកនាំដោយរុស្ស៊ី ចំពេលមានការផ្ទុះឡើងនៃអំពើហិង្សានៅទូទាំងប្រទេសនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា និយាយអំពីការសម្រេចចិត្តរបស់ប្រទេស កាហ្សាក់ស្ថាន ក្នុងការហៅជំនួយទៅកាន់កងរក្សាសន្តិភាពសម្ព័ន្ធមិត្ត លោក Blinken បានប្រាប់ CNN ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មាន “សំណួរពិតប្រាកដ” អំពី “ហេតុអ្វីបានជាពួកគេមានអារម្មណ៍ថា ត្រូវបានបង្ខំចិត្តហៅអង្គការនេះដែលរុស្ស៊ីគ្រប់គ្រង” ដោយទទូចថា “យើងកំពុងស្នើសុំការបំភ្លឺអំពីរឿងនោះ” ។
ទោះជាយ៉ាងណា លោកបានមានប្រសាសន៍ថា “អ្វីដែលចាំបាច់គឺត្រូវដោះស្រាយបញ្ហាទាំងអស់នេះដោយសន្តិវិធី ដែលគោរពសិទ្ធិអ្នកដែលព្យាយាមបញ្ចេញសំឡេងរបស់ខ្លួន”។ គាត់បានបំភ្លឺមុននេះថា គាត់កំពុងសំដៅទៅលើ “អ្នកតវ៉ាដោយសន្តិភាព” ទោះបីជាវីដេអូនៃភាពចលាចលកើតឡើងនៅក្នុងប្រទេសកាហ្សាក់ស្ថានបានបង្ហាញការតវ៉ាដែលកើនឡើងដល់ការលួច ដុត និងទម្រង់នៃអំពើហិង្សាផ្សេងទៀត៕ប្រែសម្រួលៈ ណៃ តុលា