ព័ត៌មានអន្តរជាតិ

កិច្ចចរចា​សន្តិសុខ ​អាមេរិក-រុស្ស៊ី​ ត្រូវ​បញ្ចប់​ដោយ​គ្មាន ​ការ​ទម្លាយ​ផ្លូវ​ការ ទូតអ្វីឡើយ

ហ្សឺណែវ ៖ ជុំថ្មី នៃកិច្ចចរចាសន្តិសុខរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានបញ្ចប់កាលពីល្ងាចថ្ងៃចន្ទ នៅទីក្រុងហ្សឺណែវ ដោយមិនបានផ្តល់លទ្ធផល ទម្លាយផ្លូវការទូតណាមួយឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ខណៈ​ភាគី​អាមេរិក​បាន​ហៅ​កិច្ច ចរចា​ចុងក្រោយ​រវាង​មហាអំណាច ​ពិភពលោក​ធំៗ​ទាំងពីរ​ថា “ការទូត​របស់​យើង​ក្នុងការ​ស្វែង រក​ការ​បន្ធូរបន្ថយ​ភាពតានតឹង ​ជាមួយ​រុស្ស៊ី” ភាគី​រុស្ស៊ី​បាន​ហៅ​កិច្ចចរចា ​រវាង​អាមេរិក និង​រុស្ស៊ី​ថា ជាការចរចា​ធានា​សុវត្ថិភាព ។

ដូចកិច្ចសន្ទនាស្ថិរភាពជា យុទ្ធសាស្ត្រទ្វេភាគីរវាងអាមេរិក និងរុស្ស៊ី កាលពីឆ្នាំមុន នៅទីក្រុងហ្សឺណែវ គណៈប្រតិភូអាមេរិក ដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស អាមេរិកលោកស្រី Wendy Sherman ចំណែកភាគីរុស្ស៊ីដឹកនាំ ដោយអនុរដ្ឋមន្ត្រីការបរទេស លោក Sergei Ryabkov ។

លោក Ryabkov បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន ​បន្ទាប់​ពី​កិច្ច​ពិភាក្សា​ថា​”ការ​ពិភាក្សា​មាន​ការ​លំបាក វែង​ឆ្ងាយ ប្រកបដោយ​វិជ្ជាជីវៈ ស៊ីជម្រៅ ជាក់ស្តែង ដោយ​មិន​មាន​ការ​ប៉ុនប៉ង ​ធ្វើ​ឱ្យ​រលោង​ចេញ​ពី​គែម​មុត ស្រួច​មួយ​ចំនួន​នោះ​ទេ។ យើង​មាន​អារម្មណ៍​ថា ភាគី​អាមេរិក​បាន​យក​សំណើ​ របស់​រុស្ស៊ី យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​សិក្សា​វា​ឲ្យ​ស៊ីជម្រៅ” ។

លោកស្រី Sherman បានប្រាប់សន្និសីទសារព័ត៌មានដាច់ដោយឡែកបន្ទាប់ពីកិច្ចពិភាក្សាថា “យើងមានការពិភាក្សា ដោយស្មោះត្រង់ និងត្រង់ៗក្នុងរយៈពេលជិត ៨ម៉ោងនៅឯបេសកកម្ម របស់សហរដ្ឋអាមេរិក នៅទីក្រុងហ្សឺណែវ។ នេះជាលើកទី៣ ហើយដែលកិច្ចសន្ទនាស្ថិរភាព យុទ្ធសាស្ត្រអាមេរិក-រុស្ស៊ី បានកោះប្រជុំចាប់តាំង ពីប្រធានាធិបតីលោក បៃដិន និង ប្រធានាធិបតីលោក ពូទីន បានជួបនៅ ទីក្រុងហ្សឺណែវ កាលពីខែមិថុនាមុន” ។

លោក Ryabkov ត្រូវ​បាន​លើក​ឡើង​ដោយ ​បេសកកម្ម​រុស្ស៊ី​ក្នុង​ទីក្រុង​ហ្សឺណែវ​កាល​ពី​ថ្ងៃ​ចន្ទ​ថា អ្វី​ដែល​រុស្ស៊ី ស្វែង​រក​គឺ​ជា​ការ​ធានា​ស្រប​ច្បាប់​របស់​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង (NATO) មិន​ឲ្យ​ពង្រីក​ទៅ​ខាង​បូព៌ា៕

ដោយ ឈូក បូរ៉ា

To Top