ព័ត៌មានអន្តរជាតិ

អាមេរិកអំពាវនាវ ឱ្យរុស្ស៊ី ដកកងទ័ពចេញពីព្រំដែន អ៊ុយក្រែន រុស្ស៊ីបដិសេធ និងថែមទាំង ប្តេជ្ញាបន្តសមយុទ្ធយោធា

បរទេស៖ ស្ថានទូតរុស្ស៊ីបាននិយាយទាក់ទងនឹងការអំពាវនាវរបស់អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy R. Sherman ដើម្បីដកកងទ័ពចេញពីព្រំដែនជាមួយអ៊ុយក្រែនថា រុស្សីមានសិទ្ធិសម្រេចចិត្តដោយខ្លួនឯងថាត្រូវដាក់ពង្រាយទ័ពនៅទីណានៅក្នុងប្រទេសរបស់ខ្លួន ហើយថា រុស្ស៊ីនឹងបន្តធ្វើសមយុទ្ធយោធា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ស្ថានទូតរុស្ស៊ីថា «យើងមិនយល់ពីហេតុផលរបស់លោកស្រី Wendy R. Sherman ដែលថា រុស្ស៊ីគួរតែ ‘បញ្ជូនទាហានរបស់ខ្លួនទៅបន្ទាយ ឬក៏ប្រាប់អាមេរិកអំពីអ្វីដែលសមយុទ្ធកំពុងបន្ត និងអ្វីជាគោលបំណងរបស់សមយុទ្ធ ខណៈដែលសហរដ្ឋអាមេរិកមិនមានបំណងពិភាក្សាអំពីការកម្រិតកងទ័ពរបស់ខ្លួននៅក្នុង អឺរ៉ុបជាមួយយើង» ។

ស្ថានទូតបន្តថា វាជាជម្រើសរបស់យើង ថានៅទីណា និងពេលណាដើម្បីធ្វើសមយុទ្ធយោធានៅលើទឹកដីជាតិរបស់យើង។ យើងនឹងបន្តធ្វើសមយុទ្ធនេះ ព្រោះវាឆ្លើយតបនឹងផលប្រយោជន៍សន្តិសុខរបស់រុស្ស៊ី។

ស្ថានទូតរុស្ស៊ីក៏បានច្រានចោលការកត់សម្គាល់បន្ថែមទៀតដែលថា រដ្ឋាភិបាលទីក្រុងមូស្គូអាចនិយាយកុហកអំពីដំណើរការនៃកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ ដោយបញ្ជាក់ថា វិធីសាស្រ្តបែបនេះបង្ហាញពីការបង្ខូចវប្បធម៌នៃកិច្ចពិភាក្សា៕

To Top