ព័ត៌មានអន្តរជាតិ

អាមេរិក បម្រុងថវិកាជាង ៣០០លានដុល្លារ សម្រាប់ជំនួយមនុស្ស ដល់ប្រទេសអាហ្វហ្គានីស្ថាន

បរទេស៖ សេតវិមានបានប្រកាសនៅថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានបម្រុង ជំនួយមនុស្សធម៌ជាប្រាក់ចំនួន ៣០៨ លានដុល្លារបន្ថែមទៀត ដល់ប្រទេសអាហ្វហ្គានីស្ថាន ដោយនាំយកជំនួយសរុប របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដល់ប្រទេសនេះដល់កើនឡើងដល់ ៧៨២លានដុល្លារ ចាប់តាំងពីខែតុលា ឆ្នាំ ២០២១ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម សេចក្តីថ្លែងការណ៍របស់សេតវិមានថា «សហរដ្ឋអាមេរិកបានប្រកាសពី ការរួមចំណែកថ្មីនៃជំនួយមនុស្សធម៌ជាង ៣០៨លានដុល្លារ សម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន។
នេះនាំមកនូវជំនួយមនុស្សធម៌ សរុបរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងសម្រាប់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន នៅក្នុងតំបន់រហូតដល់ជិត ៧៨២លានដុល្លារ ចាប់តាំងពីខែតុលា ឆ្នាំ២០២១ ហើយយើងនៅតែជាម្ចាស់ជំនួយធំបំផុត តែមួយគត់នៃជំនួយមនុស្សធម៌ នៅអាហ្វហ្គានីស្ថាន»។

សហរដ្ឋអាមេរិកក៏បានប្រកាសពី ការបញ្ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 បន្ថែមមួយលានដូសទៀត តាមរយៈយន្តការ COVAX ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដែលនាំឱ្យចំនួនសរុបរបស់ អាមេរិកកើនឡើងដល់ ៤,៣ លានដូស។

សូមជម្រាបថា មកទល់នឹងពេលនេះ ប្រទេសអាហ្វហ្គានីស្ថាន បានបញ្ជាក់ពីករណីឆ្លងជំងឺ COVID-19 ជាង ១៥០ ០០០ករណី និងមានអ្នកស្លាប់ជាង ៧០០០នាក់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top