ព័ត៌មានអន្តរជាតិ

គណៈរដ្ឋមន្ត្រីថៃ យល់ព្រមលើផែនការ របស់កងទ័ពអាកាសថៃ ក្នុងការទិញយន្តហោះចម្បាំង ៤គ្រឿង

បរទេស ៖ ប្រភពពីវិមានរដ្ឋាភិបាល បាននិយាយថា គណៈរដ្ឋមន្ត្រី បានយល់ព្រម ជាគោលការណ៍ដើម្បីគាំទ្រផែនការ របស់កងទ័ពអាកាសថៃ ក្នុងការទិញយន្តហោះចម្បាំង ៤គ្រឿង ដំបូងនៅក្នុងក្រុមយន្តហោះចម្បាំងថ្មី ក្នុងតម្លៃ ១៣,៨ ពាន់លានបាតក្នុងឆ្នាំសារពើពន្ធឆ្នាំ ២០២៣ ដោយចាប់ផ្តើមពីខែតុលា ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែក តាមប្រភពនោះថា «ដំណោះស្រាយនេះ ត្រូវបានសម្រេចក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារ] ហើយសំណើនេះត្រូវបានដាក់ក្នុងឯកសារ ដែលត្រូវ បានបោះត្រាជាសម្ងាត់»។

ប្រភពកងទ័ពអាកាស បាននិយាយកាលពីថ្ងៃអង្គារមុន ពេលគណៈរដ្ឋមន្ត្រីចេញផ្សាយ ជាសាធារណៈនូវព័ត៌មានលម្អិត នៃដំណោះស្រាយថា កងយន្តហោះថ្មីចំនួន ៨គ្រឿង នឹងជំនួសយន្តហោះ F-16 ADF (Air Defense Fighter) ដែលត្រូវបានដកចេញពី Wing 1 ក្នុងខេត្ត Nakhon Ratchasima ក្នុងឆ្នាំ 2021 ។

ប្រភពបាននិយាយថា ទោះបីជាមេទ័ព អាកាស គឺលោក Napadej Dhupatemiya ធ្លាប់បានបង្ហាញពីចំណាប់ អារម្មណ៍យ៉ាងខ្លាំងចំពោះយន្តហោះចម្បាំង បំបាំងកាយ F-35 ដែលផលិត ដោយសហរដ្ឋអាមេរិកក៏ដោយ ក៏វានៅតែត្រូវមើលថាតើវា នឹងជាផលិត និង ម៉ូដែល ដែលត្រូវបានជ្រើសរើស សម្រាប់ការទិញនេះដែរឬទេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top