ព័ត៌មានអន្តរជាតិ

បំផ្ទុះគ្រាប់បែក អត្តឃាតនៅសូម៉ាលី បណ្តាលឲ្យស្លាប់តិចបំផុត ១០នាក់

ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស ១០នាក់ រួមទាំងទាហាន ៥នាក់ បានបាត់ជីវិត និង ៩នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែក អត្តឃាតក្នុងទីក្រុង ម៉ូហ្គាឌីស៊ូ (Mogadishu) ប្រទេសសូម៉ាលី នៅថ្ងៃពុធនេះ ។

លោក Ali Abdi Wardhere អភិបាលរងនៃតំបន់ Banadir ដែលទទួលបន្ទុកផ្នែក សន្តិសុខបានឲ្យដឹងថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានកំណត់គោលដៅលើក្បួន រថយន្តសន្តិសុខតាមបណ្តោយផ្លូវ កាលពីថ្ងៃទី២១ ខែតុលា មកលើទីក្រុង Mogadishu នៅជិតអាកាសយានដ្ឋានអន្តរជាតិ ដែលមានកំពែងរឹងមាំ ។

លោក Wardhere បានប្រាប់អ្នកកាសែត នៅកន្លែងកើតហេតុថា “ការវាយប្រហារដោយគ្រាប់បែក អត្តឃាតក្នុងរថយន្តបានធ្វើឱ្យ មនុស្សយ៉ាងហោចណាស់ ១០នាក់ រួមទាំងទាហាន ៥នាក់បានស្លាប់ និងផ្សេងទៀតបានរងរបួស ។ នេះគឺជាអ្វីដែលយើងមាន សម្រាប់ពេលនេះ ហើយយើងមិនដឹងថា អ្នកណាជាគោលដៅ” ។

ផ្សែងខ្មៅអាចត្រូវបានគេមើលឃើញថា បានហុយចេញពីកន្លែងកើតហេតុ ហើយសាក្សីបាននិយាយថា រថយន្តជាច្រើនត្រូវបានបំផ្លាញ ដោយភ្លើងឆេះ ។

អភិបាលរងរូបនេះ បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធ al-Shabab នៅពីក្រោយការវាយប្រហារនេះ ដោយបាននិយាយថា ប៉ូលិសកំពុងតាមចាប់ពួកគេ ហើយក៏បានបើកការស៊ើបអង្កេត ដើម្បីបង្កើតហេតុផលនៅពីក្រោយរឿងនេះ ។

ក្រុម Al-Shabab បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top